Eden Hazard កីឡាករតម្លៃខ្លួន ១០០ លានផោន ចង់ចេញពីក្រុមស្តេចស ទៅលេងនៅក្លិបចាស់វិញ
Eden Hazard បានប្ដូរពី Chelsea ទៅលេងជាមួយ Real Madrid តាំងពីឆ្នាំ ២០១៩ ក្នុងតម្លៃ ១០០ លានផោន (ប្រមាណ ១២២ លានដុល្លារ) ប៉ុន្តែក្រោយពីប្ដូរហើយ គាត់មិនអាចបញ្ចេញសមត្ថភាពបានល្អដូចមុនទេ និង រងរបួសជាញឹកញាប់ទៀត ។ នៅរដូវកាលនេះគាត់ចូលលេងបានត្រឹមតែ ២១ ប្រកួតប៉ុណ្ណោះ ហើយរកបានតែ ៤ គ្រាប់ទេ ។
ដោយសារតែហេតុផលនេះហើយទើបមានដំណឹងថាក្រុមស្ដេចស Real Madrid មានគម្រោងបញ្ចេញកីឡាករវ័យ ៣០ ឆ្នាំរូបនេះចេញពីក្រុមនៅរដូវកាលនេះ ប្រសិនមានក្លិបណាចាប់អារម្មណ៍ ។ ម៉្យាងទៀត Real Madrid កំពុងតែទន្ទឹងរង់ចាំកីឡាករ Kylian Mbappe របស់ក្រុម PSG ដែលមានមានដំណឹងថាអាចនឹងប្ដូរមក ។
ថ្មីៗនេះស្ថានីយទូរទស្សន៍អេស្ប៉ាញ El Chiringuito TV បានបង្ហើបឱ្យដឹងថា ដោយមានដំណឹងថាកីឡាករ Kylian Mbappe នឹងប្ដូរមកលេងនៅរដូវកាលក្រោយនេះផង ហើយកីឡាករក៏ពុំមានក្ដីសុខនឹងការលេងជាមួយក្រុមស្ដេចសរដូចមុនផងនោះ ទើបគាត់ចង់ត្រលប់ទៅលេងជាមួយ Chelsea វិញម្ដងទៀត ៕