គ្រូបង្វឹក Leicester City នឹងនៅជាមួយក្រុមបន្តទៀត ទោះក្រុមមិនបានទៅលេង UCL
លោក Brendan Rodgers គ្រូបង្វឹកក្រុម Leicester City បានចេញមកនិងយាយថា លោកនឹងមិនចាកចេញពីក្រុមមួយនេះទេ និង បន្តនៅជាមួយក្រុមទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Tottenham Hotspur មានបំណងទាញទៅធ្វើជាគ្រូបង្វឹកនៅរដូវកាលក្រោយនេះ ។
លោក Rodgers ទើបតែដឹកនាំក្រុមចាញ់ Spurs ក្នុងការប្រកួតលីគវគ្គចុងក្រោយ ដោយលទ្ធិផល ២ ទល់នឹង ៤ កាលពីថ្ងៃអាទិត្យទី ២៣ ខែឧសភាកន្លងនេះ ។ ការចាញ់មួយនេះបណ្ដាលឱ្យ Leicester ធ្លាក់ចេញពី Top ៤ ជារដូវកាលទី ២ ជាប់ៗគ្នា ។ ក្រុម Leicester ឈរនៅក្នុង Top ៤ អស់រយៈពេលជាច្រើនខែ ប៉ុន្តែបែរជាធ្លាក់ទៅវិញនៅចុងរដូវកាលនេះ ។
គ្រូបង្វឹកជនជាតិអៀរឡង់ម្នាក់នេះបាននិយាយថា «ថ្នាក់ដឹកនាំក្រុម Leicester មិនចាំបាច់បារម្ភពីខ្ញុំទេ ខ្ញុំស្រឡាញ់ក្រុមមួយនេះ តែឥឡូវនេះខ្ញុំមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ ក្រោយពីពួយយើងត្រូវបាត់បង់សិទ្ធិទៅលេងនៅ UCL ប៉ុន្តែវាក៏បានផ្តល់មេរៀនឱ្យពួកយើងកាន់តែព្យាយាមកាន់តែខ្លាំងជាងនេះទៀតនៅរដូវកាលក្រោយ ពួកយើងនឹងរៀបចំផែនការថ្មីដើម្បីធ្វើឱ្យរដូវកាលក្រោយជារដូវកាលមួយដ៏អស្ចារ្យរបស់យើង» ៕