Benzema ជាប់ជម្រើសជាតិវិញជាលើកដំបូង ក្រោយបាត់មុខអស់ជាង ៦ ឆ្នាំ
ខ្សែប្រយុទ្ធជើងខ្លាំងបារាំង Karim Benzema ត្រូវបានបាត់ឈ្មោះពីក្រុមជម្រើសជាតិបារាំង ចាប់តាំងពីឆ្នាំ ២០១៥ មកទល់នឹងសព្វថ្ងៃនេះ ដោយសារតែមានរឿងអាស្រូវផ្លូវភេទ ដែលកាលនោះគេបានគម្រាមមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់ខ្លួន ថានឹងបង្ហោះវីដេអូផ្លូវភេទ ជាថ្នូរនឹងការទាមទារទឹកប្រាក់ដ៏ច្រើនមួយ ។
មកទល់នឹងពេលនេះ រយៈពេល ៦ ឆ្នាំកន្លងផុតទៅ ស្រាប់តែបញ្ជីឈ្មោះក្រុមជម្រើសជាតិបារាំង ដែលត្រៀមនឹងកោះហៅដើម្បីត្រៀមប្រកួតវគ្គជម្រុះ Euro ខាងមុខនេះ មានឈ្មោះកីឡាកររូបនេះ ។ វាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់បារាំង និង ពិភពលោក ។
គួរឱ្យដឹងដែរថា Karim Benzema ហាក់ឡើងជើងខ្លាំងទៅៗ ប៉ុន្មានរដូវកាលចុងក្រោយនេះ ដែលរដូវកាលមុនបានជួយ Real Madrid ឱ្យលើកពាន La Liga ហើយរដូវកាលនេះ កំពុងតែប្រជែងគ្នាប្រកៀកប្រកិត និង AT Madrid ។ ដែលមូលហេតុទាំងនេះហើយ បានអន្ទងចិត្តគ្រូបង្វឹកជម្រើសជាតិបារាំង ឱ្យសរសេរឈ្មោះកីឡាកររូបនេះសាជាថ្មី ៕
ប្រភព ៖ Marca