Harry Kane ស្នើសុំក្លិប Tottenham Hotspur ប្ដូរចេញដោយខ្លួនឯង នៅចុងរដូវកាលនេះ
ខ្សែប្រយុទ្ធ Harry Kane សញ្ជាតិអង់គ្លេសវ័យ ២៧ ឆ្នាំរបស់ក្លិប Tottenham Hotspur បានស្នើសុំប្ដូចេញពីក្រុមរួចរាល់ហើយ ដោយមានចង់ចាកចេញពីក្រុមនៅចុងរដូវកាលនេះ និង ចង់និយាយគ្នាឱ្យបានច្បាស់មុននឹងត្រូវទៅលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ Euro ២០២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនានេះ ។
Harry Kane ចង់បន្តលេងនៅ Premier League ដដែល ហើយមានក្រុម Manchester United និង ក្រុម Manchester City ដែលអាចមានឱកាស ព្រោះក្រុមទាំង ២ នេះសុទ្ធតែធ្លាប់បានទាក់ទងជាមួយអ្នកចាត់ការរបស់ Kane ។ ចំពោះលោក Daniel Levy ប្រធានក្លិប Tottenham Hotspur ពិតជាមិនចង់បាត់បង់កីឡាកររូបនេះទៅឱ្យគូប្រជែងក្នុងលីគជាមួយទេ ។
Harry Kane ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយសារតែចូលលេងចំនួន ៣៣៤ ប្រកួត អាចរកគ្រាប់បាល់បានចំនួន ២២០ គ្រាប់ ប៉ុន្តែក្រុមមិនដែលទទួលបានពានទាល់តែសោះ ចាប់តាំងពីឈានជើងមកលេងឱ្យក្រុម Tottenham Hotspur ឈុតធំតាំងពីឆ្នាំ ២០០៩ មក ៕