មិនខ្វល់សម្តីអ្នកដទៃ Floyd ប្រកួតជាមួយតារាយូធូប គឺដើម្បីធ្វើសេដ្ឋី
កីឡាករប្រដាល់អាជីព Floyd Mayweather នឹងប្រកួតជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ ខាងមុននេះ ដោយនឹងធ្វើឡើងក្នុងកម្មវិធីប្រដាល់ដ៏មួយនៅក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដោយគ្រោងនឹងលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ ៥០ ដុល្លារ និង ទូរទស្សន៍ធំៗនៅជុំវិញពិភពលោក ។
ទាក់ទងទៅនឹងការប្រកួតនេះ Floyd Mayweather បានសម្តែងអារម្មណ៍ពិតថា គេមិនខ្វល់ពីសម្តីអ្នកដទៃឡើយ ទោះបីជាគ្រប់គ្នាថានេះគឺជាការប្រកួតបែបបោកប្រាស់ក៏ដោយ ។ គេបានបន្តទៀតថា គេធ្វើនេះដើម្បីខ្លួនគេ និង អ្នកដែលនៅជុំវិញខ្លួនគេក្លាយជាសេដ្ឋី ហើយគេធ្វើអ្វីដែលគេអាចធ្វើបានតែប៉ុណ្ណោះ ។
ចំពោះការប្រកួតនេះ ត្រូវបានគេដឹងថា គឺជាការប្រកួតបែបលក្ខណៈរកចំណូលតែប៉ុណ្ណោះ ដោយគេអាចទាយដឹងបានថា Floyd Mayweather នឹងទទួលជ័យជម្នះ ហើយការប្រកួតមួយនេះទៀតសោត នឹងអាចរកចំណូលបានរាប់រយលានដុល្លារ ពីការលក់សិទ្ធិផ្សាយផ្ទាល់ និង ម្ចាស់ឧបត្ថម្ភនានា ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់អ្នកទាំង ២ នឹងកាន់តែល្បីល្បាញតាមរយៈការប្រកួតមួយនេះ ៕
ប្រភព ៖ thesun