លីគកំពូលកម្ពុជា ប្រកាសត្រលប់មកវិញ ទោះបីកូវីដ ១៩ នៅបន្តវត្តមាននៅកម្ពុជា
លីគកំពូលកម្ពុជា ដែលបានផ្អាកការប្រកួតកាលពីចុងខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បានប្រកាសត្រលប់មកវិញហើយ ដោយក្នុងនោះនឹងចាប់ប្រកួតឡើងវិញ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។
ជាមួយនឹងការវិលត្រលប់មកវិញនេះ យើងសង្កេតឃើញថាមានការប្រកួតញឹកជាងមុន ពោលគឺមួយសប្តាហ៍ស្ទើរគ្រប់ក្រុមទាំងអស់នឹងត្រូវប្រកួត ២ ប្រកួត ដែលមានការប្រកួតនៅក្នុងពាក់កណ្តាលសប្តាហ៍ម្តង និង ចុងសប្តាហ៍ម្តងទៀត ។
គួរឱ្យដឹងដែរថា មុននឹងសម្រេចចេញនូវកាលវិភាគប្រកួតនេះ គណៈកម្មការរៀបចំការប្រកួត និង ក្រុមទាំងអស់បានប្រជុំពិភាក្សាគ្នាជាច្រើនលើក តាមបណ្តាញអនឡាញ ដើម្បីរកដំណោះស្រាយក្នុងការរៀបចំការប្រកួតឡើងវិញឱ្យបានឆាប់ៗ និង ទាន់ពេលវេលា ៕