Floyd Mayweather ដេញសង្សារចេញពីផ្ទះភ្លាមៗ មុនឡើងសង្វៀន ព្រោះខ្លាចបែកអារម្មណ៍
Floyd Mayweather ជាអ្នកប្រដាល់ជនជាតិអាមេរិកម្នាក់ដែលមិនដែលចាញ់សោះ ត្រូវសារព័ត៌មានជាច្រើនចុះផ្សាយថាបានបណ្ដេញសង្សារបស់ខ្លួនចេញពីផ្ទះដ៏ធំស្កឹមស្កៃមួយ ដោយសារតែគាត់ឃើញរូបនាងហើយមិនមានអារម្មណ៍ហ្វឹកហាត់មុនឡើងសង្វៀនប្រកួតនៅថ្ងៃទី ៦ ខែមិថុនា ខាងមុខនេះ ។
Floyd ត្រលប់ចូលក្នុងសង្វៀនប្រដាល់វិញដោយជួបជាមួយ Logan Paul ដែលជា Youtuber ដ៏ល្បីម្នាក់ ។ ទោះបីវាជាការប្រកួតពិសេសដែលមិនសំខាន់ណាស់ណាក៏ដោយ ប៉ុន្តែ Floyd មានការរំពឹងទុកយ៉ាងខ្លាំង ហើយមិនចង់ឱ្យមានការរំខានអ្វីទាំងអស់ ។
ប្រភពព័ត៌មាន The Sun បានបង្ហើបថា ជាធម្មតា Floyd រស់នៅក្នុងវិមានដ៏ប្រណីតមួយតម្លៃ ១១ លានដុល្លារអាមេរិក ជាមួយ Anna Monroe ដែលជាអ្នកធ្វើការនៅក្លឹបកម្សាន្តមួយនៅ Las Vegas ហើយបានរស់នៅជាមួយគ្នាប្រមាណ ២ ទៅ ៣ ខែមកហើយ ប៉ុន្តែឥឡូវនេះនាងត្រូវវេចវ៉ាលិសដើរចេញ ព្រោះ Floyd ត្រូវការពេលហ្វឹកហាត់ ។
Floyd បានប្រាប់ឱ្យ Anna ចាកចេញ ព្រោះគាត់ចង់ផ្តោតអារម្មណ៍លើការហាត់ប្រដាល់ និង ត្រៀមខ្លួនឡើងសង្វៀន ។ មិត្តភក្តិ Anna មានការចម្លែកចិត្តយ៉ាងខ្លាំង ព្រោះផ្ទះរបស់គេមានបន្ទប់គេងទៅដល់ ១១ ហេតុអ្វីបានដេញនាងចេញ ៕