វិសាខា ប្រកាសលាកីឡាករបរទេសមួយរូប ទាំងមិនទាន់បានបង្ហាញខ្លួននៅឡើយ
កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសអំពីការចែគផ្លូវគ្នាជាមួយនឹងខ្សែបម្រើរបស់ខ្លួន ដែលជាកីឡាករសញ្ជាតិអង់គ្លេស Charlie Machell នឹងជាកីឡាករបរទេសទី ៥ របស់ខ្លួន ដែលទើបតែចុះកុងត្រាជួយក្រុមក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ កាលពីដើមរដូវកាល ។
និយាយពី Charlie Machell វិញ រូបគេមានអាយុ ២៦ ឆ្នាំ កើត និង ហ្វឹកហាត់បាល់ទាត់ដំបូងតាំងពីអាយុ ៨ ឆ្នាំ ជាមួយនឹង Newcastle United រហូតដល់ឆ្នាំ ២០១១ មុននឹងឡើងមកលេងនៅលីគ ២ ដាណីម៉ាក ក្នុងឆ្នាំ ២០១៧ ។
នៅឆ្នាំ ២០១៩ គេបានផ្ទេរមកលីគកំពូលកម្ពុជាម្តងហើយ ដោយចូលរួមជាមួយនឹងស្វាយរៀង និង ជួយឱ្យក្រុមលើកពាន លីគកំពូលកម្ពុជា ។ ចូលឆ្នាំ ២០២០ គេបានផ្លាស់ទៅលេងនៅ Houngant United នៃលីគកំពូលសិង្ហបុរី ដែលបានបង្ហាញខ្លួនបានយ៉ាងល្អ ក្នុងពាន AFC CUP ។
ចំពោះការប្រកាសលាកីឡាកររូបនេះ ត្រូវបានក្លិបថាជាការសម្រេចចិត្តដ៏លំបាក និង គួរឱ្យសោកស្តាយបំផុត ដ្បិតអីកីឡាកររូបនេះមិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ក្នុងការប្រកួតលីគកំពូលកន្លងទៅឱ្យក្លិបវិសាខា ដោយសារតែវិបត្តិកូវីដ-១៩ បានអូសបន្លាយពេលអស់ជាច្រើនខែមកនេះ ៕