ជំនួបដ៏ធំ ManU និង Liverpool ត្រូវលុបចោលចុងសប្ដាហ៍មុន ចេញកាលបរិច្ឆេទច្បាស់វិញហើយ
English Premier League បានចេញកាលបរិច្ឆេទថ្មីនៃជំនួបដ៏ធំរវាង ManU និង Liverpool ដែលបានលុបចោលកាលពីថ្ងៃអាទិត្យទី ២ ខែឧសភាសប្ដាហ៍មុននេះ ហើយនឹងត្រូវចាប់ផ្តើមប្រកួតវិញនៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែឧសភា វេលាម៉ោង ៨ និង ១៥ នាទី (យប់ថ្ងៃសុក្រ ម៉ោង ២ និង ១៥ នាទីនៅកម្ពុជា) ។
កាលបរិច្ឆេទថ្មីនេះធ្វើឱ្យក្រុមបិសាចក្រហម ManU ត្រូវលេង ៣ ប្រកួតក្នុងរយៈពេល ៥ ថ្ងៃ ដោយត្រូវជួបជាមួយ Aston Villa (៩ ឧសភា) Leicester City (១១ ឧសភា) បន្ទាប់មកគឺជួបជាមួយ Liverpool (១៣ ឧសភា) ។
ខណៈពេលដែលខាងក្រុមហង្សក្រហម Liverpool ពីដំបូងគេរំពឹងទុកថា ការប្រកួតជាមួយនឹងក្រុម West Bromwich Albion នៅថ្ងៃអាទិត្យទី ១៦ ខែឧសភានេះ នឹងត្រូវពន្យារពេល ប៉ុន្តែចុងក្រោយ Premier League ឱ្យធ្វើការប្រកួតតាមធម្មតាវិញ ។
ចំពោះមូលហេតុដែលធ្វើឱ្យការប្រកួតត្រូវលុបចោលកាលពីថ្ងៃយប់ថ្ងៃអាទិត្យ ទី ០២ ខែឧសភា ឆ្នាំ ២០២១ កន្លងមកនេះ ដោយសារតែក្រុមបាតុករបានចេញមកធ្វើបាតុកម្មនៅជុំវិញកីឡដ្ឋាន ដើម្បីបណ្ដេញបងប្អូនត្រកូល Glazer ទាំង ២ ដែលជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្លិបចេញ ៕