FIVB យកប្រទេសថៃ ធ្វើម្ចាស់ព្រឹត្តិការណ៍បាល់ទះលើឆ្នេរខ្សាច់ U-២១ ជើងឯកពិភពលោក ២០២១
នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) បានប្រកាសតាមរយៈគេហទំព័រ fivb.com បញ្ជាក់ថា ប្រទេសថៃនឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់អាយុក្រោម ២១ ប្រចាំឆ្នាំ ២០២១ (២០២១ FIVB Beach Volleyball World Tour) ។
កាលពីមុននេះ FIVB បានជ្រើសរើសប្រទេសថៃធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់អាយុក្រោម ១៩ ឆ្នាំ ជើងឯកពិភពលោកប្រចាំឆ្នាំ ២០២១ ហើយនឹងត្រូវបានចាត់ឡើងនៅខេត្ត Roi Et ចន្លោះថ្ងៃទី ១៤-១៩ ខែកញ្ញា ឆ្នាំ ២០២១ ដូច្នេះមានន័យថាប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទះឆ្នេរខ្សាច់ទាំងអាយុក្រោម ២១ និង ១៩ ឆ្នាំ ។
FIVB នៅតែបន្តជ្រើសរើសខេត្ត Roi Et ធ្វើជាកន្លែងចាត់ការប្រកួតបន្តទៀត ក្នុងការប្រកួតបាល់ទះលើឆ្នេរខ្សាច់ក្រោមអាយុ ២១ ឆ្នាំ សម្រាប់ការប្រកួតជើងឯកពិភពលោកប្រចាំឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។
ចំពោះប្រទេសថៃ ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទះលើឆ្នេរខ្សាច់ក្រោមអាយុ ២១ ឆ្នាំ ជើងឯកពិភពលោកកាលពីឆ្នាំ ២០១៩ មកហើយ ដោយចាត់ការប្រកួតនៅខេត្ត Udon Thani ហើយជើងឯកធ្លាក់ទៅលើប្រទេសប្រេស៊ីលទាំងក្រុមបុរស និង នារី ៕