អាឡិច យូ ៖ ខ្ញុំនឹង វិទិនី រៀបការតាមច្បាប់រួចហើយ តែជប់លៀងចាំពេលក្រោយ
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ កីឡាករ អាឡិច យូ ដែលជាអ្នកចាំទីរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការថា ខ្លួនបានរៀបអាពាហ៍ពិពាហ៍នឹងកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែម ថុនវិទិនី រួចរាល់ហើយ ។
មិនត្រឹមតែប៉ុណ្ណោះគេបានបញ្ជាក់ថា គេក៏បានស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ហើយដែរ ដោយកំពុងតែដំណើរការនៅស្ថានទូតបារាំង ។ ចំពោះការរៀបអាពាហ៍ពិពាហ៍កីឡាកររូបនេះ បាននិយាយថា គេធ្វើត្រឹមការសែនសិនតែប៉ុណ្ណោះ ដោយសារតែកូវីដ-១៩ ហើយចំពោះការជប់លៀងនឹងប្រព្រឹត្តឡើងនៅពេលក្រោយ ។
គួរឱ្យដឹងដែរថា អាឡិច យូ និង វិទិនី បានទាក់ទងគ្នាប្រមាណជា ២ ឆ្នាំមកហើយ មុននឹងឈានដល់ការភ្ជាប់ពាក្យ និង អាពាហ៍ពិពាហ៍នេះ ។ ក្នុងនោះដែរ វិទិនី បានសរសើរគូស្នេហ៍ជារឿយៗថា ពូកែយកចិត្តទុកដាក់ខ្លាំងចំពោះខ្លួន និង ថែមទាំងស្វីតទៀតផង ៕