អឺរ៉ង់ ចោទ AFC ថាពុករលួយ ឱ្យបារ៉ែនធ្វើម្ចាស់ផ្ទះវគ្គជម្រុះ World Cup ពូល C
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានប្រកាសអំពីទីតាំងទឹកដីកណ្តាលសម្រាប់ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ដែលប្រទេសបារ៉ែន នឹងក្លាយជាទីតាំងសម្រាប់ក្រុមទាំង ៥ ប្រចាំពូល C រួមមានកម្ពុជា ហុងកុង បារ៉ែន អឺរ៉ាក់ និង អឺរ៉ង់ ។
ទាក់ទិនទៅនឹងការផ្តល់សិទ្ធិឱ្យ បារ៉ែន នេះ ត្រូវបានប្រទេសអឺរ៉ង់ ចោទទៅប្រកាន់ AFC ថា មិនគោរពដល់សិទ្ធិខ្លួនដែលនៅសល់ប្រកួតក្នុងដីដល់ទៅ ៤ ប្រកួត តែបែរជាផ្តល់ទៅឱ្យ បារ៉ែន ដែលនៅសល់ប្រកួតក្នុងដីតែ ២ ប្រកួតទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះ អឺរ៉ង់ បានថ្លែងថា AFC យកលេសនយោបាយជាគោល ដោយលម្អៀងទៅលើទណ្ឌកម្មអាមេរិក ដែលបានដាក់មកលើខ្លួន ។
គួរឱ្យដឹងដែរថា អឺរ៉ង់ ក៏បានដាក់ពាក្យស្នើសុំនេះដែរ តាំងពីមុនគេមុនឯង ក៏ប៉ុន្តែត្រូវបាន AFC សម្រេចចិត្តផ្តល់ទៅឱ្យ បារ៉ែន វិញ ដោយសារតែប្រទេសនេះមានហានីភ័យទាបជាងអឺរ៉ង់ ណាមួយប្រទេសនេះបានអនុញ្ញាតិឱ្យអ្នកកីឡាទាំងអស់បានរួចផុតពីចត្តាឡីស័ក ប្រសិនបើមិនមានផ្ទុកកូវីដ-១៩ ទេនោះ ៕