កីឡាការិនីម្នាក់ រំភើបឡើងទឹកភ្នែក ពេលសង្សារមានជំងឺមហារីក សុំរៀបការក្នុងថ្ងៃប្រកួតចុងក្រោយខ្លួន
កាលពីថ្ងៃទី ២៦ ខែមីនា BBC Sport បានរាយការណ៍ពីព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងការប្រកួតបាល់ទាត់នារីប្រទេសអូស្រ្តាលីកាលពីថ្ងៃទី ២៥ មីនា កន្លងទៅនេះ ដែលជាការប្រកួតចុងក្រោយរបស់ Rhali Dobson មុនពេលគាត់ចូលនិវត្តន៍ ដើម្បីមើលថែមិត្តប្រុសរបស់គាត់ឈ្មោះ Matt Stonham ដែលមានជំងឺមហារីកខួរក្បាលកាលពី ៦ ឆ្នាំមុន ដោយទើបតែទទួលការវះកាត់លើកទី ២ កាលពីដើមខែមីនានេះ ។
នៅក្នុងការប្រកួតនេះ Raleigh Dobson វ័យ ២៨ ឆ្នាំអាចរកគ្រាប់បាល់ឱ្យ Melbourne City បាន ១ គ្រាប់ ដោយលទ្ធផលចុងក្រោយ ក្រុមរបស់នាងទទួលជ័យជម្នះ ២-១ បញ្ចប់អាជីពរបស់ខ្លួនបានយ៉ាងស្រស់ស្អាត ។ បន្ទាប់ពីចប់ការប្រកួតលោក Matt Stonham បានចូលមកអបអរសាទរលើការស៊ុតបាល់បញ្ចូលទីរបស់នាង ដែលអាចនាំឱ្យក្រុមទទួលជ័យជម្នះក្នុងការប្រកួតនេះ ។ ទើបគាត់យកចិញ្ចៀន ហើយលុតជង្គង់ដើម្បីសុំ Raleigh Dobson រៀបការ ។ រឿងនេះធ្វើឲ្យនាងឆ្លើយយល់ព្រមទាំងទឹកភ្នែកបន្ទាប់មកមិត្តរួមក្រុមបានចូលមកអបអរសាទរជាមួយនឹងនាង ៕