Zlatan Ibrahimović សម្រក់ទឹកភ្នែកនៅក្នុងសន្និសីទកាសែតម៉ាត់ៗ ដោយសាររឿងមួយ
នៅថ្ងៃទី ២២ ខែមីនាកន្លងទៅនេះ លោក Zlatan Ibrahimović ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំ បានចូលរួមសន្និសីទកាសែតស្ដីពីការវិលត្រឡប់បម្រើក្រុមជម្រើសជាតិស៊ុយអែតវិញក្នុងរយៈពេល ៥ ឆ្នាំ ដែលគាត់បានសម្រេចចិត្តលាឈប់ពីជម្រើសជាតិតាំងពីឆ្នាំ ២០១៦ មក ។
អ្វីដែលសំខាន់នៅក្នុងសន្និសីទកាសែតលើកនេះគឺ ការសម្រក់ទឹកភ្នែករបស់លោក Zlatan Ibrahimović ក្រោយពីអ្នកកាសែតសួរគាត់ពីរឿងគ្រួសារ តើគ្រួសារមានអារម្មណ៍យ៉ាងណាដែរ ដែលរូបលោកត្រលប់ទៅលេងឱ្យក្រុមជម្រើសជាតិស៊ុយអែតវិញ ។
លោក Zlatan Ibrahimović បានឆ្លើយសំណួរនេះ ព្រមទាំងព្យាយាមទប់ទឹកភ្នែក ការត្រលប់មកលើកនេះ ធ្វើឲ្យខ្ញុំមានពេលវេលាតិចសម្រាប់នៅជាមួយគ្រួសារ ហើយវាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលកូនរបស់ខ្ញុំទាំង ២ នាក់ យំរាល់ពេលដែលខ្ញុំចាកចេញពីពួកគេ វាពិតជាលំបាកចិត្តខ្លាំងណាស់ ៕