Neymar និង Mbappe នឹងលេងឱ្យក្លិបមួយនេះជារៀងរហូត
បន្ទាប់ពីបានជួយឱ្យក្លិប Paris Saint Germain យកឈ្នះទម្លាក់ក្រុមខ្លាំង Barcelona ពីពាន UEFA Champions League រដូវកាល ២០២១ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ កាលពីសប្តាហ៍មុននេះ ។ កីឡាករខ្សែប្រយុទ្ធ ២ រូបរបស់ក្លិបយក្សាបារាំង Paris Saint Germain គឺ Kylian Mbappe និង Neymar JR កំពុងតែក្លាយទៅជាគោលដៅរបស់ក្លិបធំៗ នៅជុំវិញពិភពលោក ។
ដើម្បីជាការផ្តល់ទំនុកចិត្តដល់អ្នកគាំទ្ររបស់ក្លិបបារាំងមួយនេះ លោក Nasser Al-Khelaifi ដែលជាប្រធានក្លិបអធិរាជបារាំងមួយនេះ បានចេញមុខប្រកាសជាសាធារណៈថា ក្លិបរបស់ខ្លួន នឹងព្យាយាមធ្វើយ៉ាងណាឱ្យកីឡាករទាំង ២ រូបនេះ ស្ថិតនៅជាមួយនឹងក្លិបអស់មួយជីវិត ទោះបីជាត្រូវចំណាយលុយខ្ទង់រយរយលានដុល្លារក៏ដោយ ។
ចំពោះ Neymar JR បាន ផ្ទេរមកពីក្លិប Barcelona កាលពីឆ្នាំ ២០១៧ មកកាន់ទឹកដីបារាំង ក្នុងតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយបង្ហាញខ្លួនបាន ៦៣ ប្រកួត និង រកគ្រាប់បាល់បាន ៥៣ គ្រាប់ ។ ចំណែកឯ Kylian Mbappe វិញ បានផ្ទេរមកពីក្លិប AS Monaco ក្នុងតម្លៃមិនសូវជាថ្លៃប៉ុន្មានឡើយ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីខ្ចីជើងទីក្លិបនេះអស់ ១ រដូវកាល ដោយសរុបមកទល់នឹងពេលនេះ រកបាន ៨២ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៩ ប្រកួត ៕
ប្រភព៖ Marca