សោកស្តាយណាស់! អ៊ុំ សេរីរ័ត្ន សម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ហើយ ដោយសារមូលហេតុមួយនេះ
អ្នកចាំទីរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិបានប្រកាសថា នឹងបញ្ចប់អាជីពបាល់ទាត់ត្រឹមនេះហើយ ដោយសារតែបញ្ហារបួសជង្គង់ និង សសៃពួររាំរ៉ៃរបស់គេ ដែលអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកនេះ ។
របួសជង្គង់របស់គេកាលពីឆ្នាំ ២០១៨ បានជាសះស្បើយម្តងរួចមកហើយ ក្រោយពីទទួលការវះកាត់នៅប្រទេសវៀតណាម ហើយគេក៏បានបន្តអាជីពវិញនៅពាក់កណ្តាលឆ្នាំ ២០១៩ ក្រោយពីសម្រាកអស់រយៈពេលជាង ១ រដូវកាល ដោយចូលលេងមិនទាន់បានប៉ុន្មានផង ក៏របួសជង្គង់ ដោយកូវីដ-១៩ គេក៏សម្រេចចិត្តសម្រាកព្យាបាលនៅក្នុងប្រទេស ។
ចូលដល់រដូវកាល ២០២០ ដោយសារតែកូវីដ-១៩ ធ្វើឱ្យគេផ្អាកការប្រកួត និង មិនបានហ្វឹកហាត់ផងនោះ ធ្វើឱ្យសាច់ដុំរបស់គេស្រក ហើយពេលចូលលេងវិញធ្វើឱ្យសាច់ដុំ និង សសៃពួរ រងរបួសសាជាថ្មី ហើយកូវីដ-១៩ ធ្វើឱ្យគេមិនអាចទៅព្យាបាលនៅក្រៅប្រទេសបាន មកទល់នឹងពេលនេះ គឺគេបានរងចាំអស់រយៈពេល ១ ឆ្នាំកន្លះហើយ ដែលធ្វើឱ្យសាច់ដុំ និង សសៃពួររបស់គេកាន់តែឈានទៅដល់កម្រិត មិនអាចសះស្បើយដូចដើមបានកាន់តែខ្លាំង ទើបគេសម្រេចចិត្តដើរចេញពីអាជីពដែលគេស្រឡាញ់បំផុតក្នុងឆាកជីវិតរបស់គេទាំងអាឡោះអាល័យ ៕