តែលតោលជិតកន្លះឆ្នាំ ពេលនេះ Keisuke Honda រកបានក្លិបថ្មីលេងទៀតហើយ
អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda បានចុះកុងត្រាជាមួយនឹងក្លិប Neftci PFK ដែលជាក្លិបលេងនៅលីគកំពូលអាហ្សេប៉ៃហ្សង់ សម្រាប់រដូវកាល ២០២១ នេះហើយ កាលពីថ្ងៃចន្ទ ទី ១៥ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានទំនេរអត់ក្លិបលេងអស់រយៈពេលជិតកន្លះឆ្នាំហើយ បន្ទាប់ពីចាកចេញពីក្លិបលីគកំពូលប្រេស៊ីល Botafogo ។ ការពិតទៅលោកហៀបនឹងបានបង្ហាញខ្លួននៅលីគកំពូលព័រទុយហ្គាល់ទៅហើយ ក៏ប៉ុន្តែកុងត្រារបស់លោកត្រូវរំលាយវិញ ដោយសារតែក្លិបមិនអាចបញ្ចូលឈ្មោះកីឡាកររូបនេះចូលទៅក្នុងក្រុមបានទាន់ពេលវេលា ។
Keisuke Honda នឹងពាក់លេខ ៤ នៅក្លិបថ្មីដែលជាក្លិបទី ៧ ក្នុងអាជីពរបស់គេ ។ គួរឱ្យដឹងថាកីឡាកររូបនេះ គឺជាកីឡាករសម្បូរទៅដោយបទពិសោធខ្ពស់ដោយធ្លាប់ប្រកបអាជីពនៅ ហូឡង់ រុស្សី អ៊ីតាលី ម៉ិចស៊ិក និង អូស្ត្រាលី មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាផងដែរ ៕
ប្រភព៖ mainichi