Gunnar Solskjaer បង្ហើបថា Man Utd នឹងទទួលបានកីឡាករ ៥ រូបត្រលប់មកវិញ ក្រោយពីរងរបួសពីការប្រកួត
លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមរបស់ក្រុមបិសាចក្រហម Man Utd បានបង្ហាញថាកីឡាករឆ្នើមចំនួន ៥ នាក់ អាចវិលត្រឡប់មកជួយក្រុមវិញក្នុងការប្រកួតសំខាន់ៗ ២ ប្រកួតក្នុងសប្តាហ៍នេះ ។ ការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយ ជុំទី ២ ដែលនឹងជួបក្រុម AC Milan នៅថ្ងៃព្រហស្បតិ៍ទី ១៨ ខែមីនានេះ លទ្ធផលជុំទី ១ គឺ ១-១ ។ បន្តដោយការប្រកួត FA Cup ជើងទី ៨ ជាមួយ Leicester City នៅថ្ងៃអាទិត្យទី ២១ ខែមីនាខាងមុខនេះ ។
លោក Ole Gunnar Solskjaer បានបន្ថែមទៀតថា លោកសង្ឃឹមថានឹងទទួលបានកីឡាករ ៤ ឬ ៥ នាក់ត្រឡប់មកវិញ ក្នុងការជួបជាមួយក្រុម AC Milan ដែលកីឡាករ Edinson Cavani , Donny van de Beek និង Anthony Martial អាចជួយក្រុមវិញបានទាំងស្រុងហើយ ។ ចំពោះ Paul Pogba អាចធ្វើដំណើរទៅជាមួយក្រុមបានហើយ រីឯ David de Gea បានចេញពីធ្វើចត្តាឡីស័កវិញហើយ ។
គួរឱ្យដឹងដែរថា កីឡាករ Paul Pogba ឈឺសាច់ដុំក្រលៀនរហូតមិនបានលេងអស់ ១០ ប្រកួត Edinson Cavani និង Donny van de Beek ឈឺសាច់ដុំហើយ Anthony Martial ឈឺត្រគាករហូតខកខានការប្រកួត ចំណែក David de Gea ចេញពីធ្វើចត្តាឡីស័កវិញហើយ ក្រោយពីគាត់ទើបត្រលប់ពីអេស្ប៉ាញដើម្បីមើលថែប្រពន្ធដែលទើបឆ្លងទន្លេរួច ដែលនឹងត្រលប់មកហ្វឹកហាត់វិញបាននៅថ្ងៃនេះ ៕