នៅថ្ងៃនេះ ក្រុមជម្រើសជាតិកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ លើកទី ១ ហើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រប់កម្រិតបានទទួលនូវការចាក់វ៉ាក់សាំងការងារជំងឺកូវីដ-១៩ នៅថ្ងៃចន្ទ ទី ១៥ ខែមីនា ឆ្នាំ ២០២១ នេះហើយ ដែលនេះគឺជាការទទួលបាននូវវ៉ាក់សាំងលើកទី ១ ខណៈដែលលើកទី ២ គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី ២៩ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ពោលគឺ ២ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ១ នេះរួចរាល់ ។
សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱ្យក្រុមកីឡាជម្រើសជាតិទាំងអស់មិនថាតែកីឡាបាល់ទាត់ឡើយ ដើម្បីជាការទំនុកចិត្ត និង ការត្រៀមខ្លួនហ្វឹកហាត់ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេស ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំ ២០២១ នេះ នៅប្រទេសវៀតណាម ។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវហោះទៅប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA WORLD CUP QATAR 2022 និង AFC ASIAN Cup នៅឯប្រទេសបារ៉ែន នាដើមខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ដោយកម្ពុជានៅសល់ ៣ ប្រកួតទៀត ៕