សោកស្តាយណាស់! ក្លិបអ្នកមានចិន ប្រកាសក្ស័យធន បន្សល់ទុកកីឡាករល្អៗជាច្រើនគ្មានទ្រនំជ្រក
Jiangsu FC ដែលជាម្ចាស់ជើងឯក Chinese Super League រដូវកាល ២០២០ កន្លងទៅនេះ បានប្រកាសក្ស័យធន ក្រោយពីពុំទទួលបានចម្លើយទាល់តែសោះ ក្នុងការដង្ហើយហៅសុំជំនួយ កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។
ក្លិបដែលល្បីថាចាយលុយមិនសំចៃដៃមួយនេះ បានប្រកាសថាខ្លួនកំពុងតែរងវិបត្តិធ្ងន់ធ្ងរ មិនមានលទ្ធភាពបន្តដង្ហើមក្លិបទៅមុខទៀតឡើយ ។ មិនតែប៉ុណ្ណោះប្រធានក្លិបមួយនេះ បានចេញមុខក្នុងការស្នើសុំជាសាធារណៈ ឱ្យអ្នកដែលមានលទ្ធភាពវិនិយោគ ចូលមកកាន់កាប់ក្លិបរបស់លោក ដោយលោកនឹងប្រគល់ក្លិបដែលមានតម្លៃមហាសាលនេះ ជូនដោយមិនគិតថ្លៃឡើយ ។
ក្លិប Jiangsu FC ត្រូវបានគេដឹងថាក្ស័យធនដោយសារតែវិបត្តិកូវីដ ១៩ ព្រោះមិនអាចរកចំណូលអ្វីបានឡើយពីដៃគូសហការ ឬ ការផ្សព្វផ្សាយពាណិជ្ជកម្ម ។ មូលហេតុនេះហើយដែលធ្វើឱ្យម្ចាស់ក្លិបបង្ខំចិត្តប្រកាសក្ស័យធនតែម្តង ជៀសវាងការចំណាយលុយរាប់រយលានដុល្លារបន្តទៀត ទាំងគ្មានសង្ឃឹម ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ជំនួញធំរបស់ប្រធានក្លិបនេះតែម្តង ៕
ប្រភព៖ espn