ដំណឹងល្អ! កីឡាករ គ្រូបង្វឹក និង មន្ត្រីបច្ចេកទេស ជាង ១ ពាន់នាក់ នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩
នៅយប់ថ្ងៃព្រហស្បតិ៍ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 បានជូនដំណឹងដ៏ល្អមួយគឺ វ៉ាក់សាំង COVID-19 ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យចាក់ជូនអ្នកពាក់ព័ន្ធសំខាន់ៗផ្នែកកីឡា តាមរយៈក្រុមការងារវ៉ាក់សាំង COVID-19 ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 ផងដែរ ។
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការ CAMSOC បានអំពាវនាវឱ្យ កីឡាករ-កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ និងមន្រ្តីកីឡាពាក់ព័ន្ធ ចំនួន ១០៥១ នាក់ ដែលមានឈ្មោះក្នុងបញ្ជីនេះទទួលវ៉ាក់សាំង ចុះឈ្មោះទទួលវ៉ាក់សាំងនេះ ក្រោមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីជាទំនុកចិត្ត ក្នុងការត្រៀមបំពេញកាតព្វកិច្ចទៅហ្វឹកហាត់ និង ប្រកួត នៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ ៕
ប្រភព៖ CAMSOC