Honda ត្រូវក្លិបមួយនៅព័រទុយហ្គាល់ បញ្ចប់កុងត្រាវិញ ក្រោយទៅបាន ៥ ថ្ងៃ
កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន Keisuke Honda ត្រូវបានក្លិបថ្មីរបស់ខ្លួន Portimonense ដែលជាក្លិបលេងនៅក្របខណ្ឌកំពូលរបស់ ព័រទុយហ្គាល់ បញ្ចប់កុងត្រាវិញយ៉ាងតក់ក្រហល់ ក្រោយពីទើបតែបានចុះកុងត្រាទៅចូលរួមជាមួយនឹងក្លិបមួយនេះ បានតែ ៥ ថ្ងៃតែប៉ុណ្ណោះ ។
ក្លិប Portimonense បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីការចេញសេចក្តីប្រកាសនេះ ដោយសារតែក្លិបមិនអាចចុះឈ្មោះអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាខាងលើចូលក្នុងក្រុមរបស់ខ្លួនបាន ។ កំហុសបច្ចេកទេសនៃការចុះកុងត្រានេះ ក្លិបបានប្រកាសថាមានការយល់ស្របពីកីឡាករ Keisuke Honda ដែរ បន្ទាប់ពីមានការចរចាគ្នាជាមួយនឹងក្លិប ។
គួរឱ្យដឹងដែរថា Keisuke Honda បានចាកចេញពីក្លិប Botafogo នៃលីគកំពូលប្រេស៊ីលកាលពីខែធ្នូកន្លងទៅ ដោយទំនេរមិនមានក្លិបលេង រហូតដល់ដើមខែកុម្ភៈនេះ ទើបបានចុះកុងត្រាលេងនៅ Portimonense ក៏ប៉ុន្តែច្បាប់នៃលីគកំពូលព័រទុយហ្គាល់តម្រូវឱ្យកីឡាករដែលគ្មានក្លិបត្រូវទំនេរយ៉ាងហោចណាស់ ក៏ ៣ ខែដែរទើបអាចនាំចូលកាន់ក្លិបនៃក្របខណ្ឌនេះបាន ៕
ប្រភព៖ sportsfinding