ខ្សែប្រយុទ្ធមាឌឌាំង ជម្រើសជាតិថៃ ស្ថិតក្នុងការចរចាមកកាន់ក្លិបមួយ លីគកំពូលកម្ពុជា
ខ្សែប្រយុទ្ធជម្រើសជាតិថៃ Siroch Chatthong វ័យ ២៨ ឆ្នាំ បច្ចុប្បន្នកំពុងតែលេងឱ្យក្លិប BG Pathum United របស់លីគកំពូលថៃ ត្រូវបានសារព័ត៌មានដ៏គួរឱ្យទុកចិត្តថៃ ប្រកាសថានឹងផ្ទេរមកកាន់ក្លិបមួយ នៃលីគកំពូលកម្ពុជា សម្រាប់រដូវកាល ២០២១ ដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ ។
ចំពោះព័ត៌មាននេះ នៅមិនទាន់មានក្រុមណាមួយចេញមុខមកប្រកាសថាជាម្ចាសកីឡាកររូបនេះនៅឡើយទេ ក៏ប៉ុន្តែប្រភពជិតស្និទ្ធមួយបានបង្ហើបថាជាក្លិបខេត្តព្រៃវែង ។ ហេតុផលមួយទៀត គឺក្លិបខេត្តព្រៃវែង ទើបតែនាំចូលនូវគ្រូបង្វឹក ៣ រូបមកពីក្រុមជម្រើសជាតិថៃ ហើយថែមទាំងនាំយកមកនូវកីឡាករកម្ពុជាដែលហ្វឹកហាត់ និង ប្រកបអាជីពនៅទៅនោះមកជាមួយដល់ទៅ ៣ រូបទៀត ។
ស្ថិតនៅក្នុងបទសម្ភាសមួយ នៅក្នុងប្រទេសថៃ មុននឹងមកដល់កម្ពុជា គ្រូបង្វឹកខេត្តព្រៃវែងបច្ចុប្បន្នដែលជាជនជាតិថៃគឺលោក Thongchai Rungreangles វ័យ ៣៤ ឆ្នាំ បានប្រកាសថា លោកនឹងព្យាយាមនាំយកកីឡាករជម្រើសជាតិថៃ មកលេងនៅកម្ពុជាឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ។
គួរឱ្យដឹងដែរថាខ្សែប្រយុទ្ធ Siroch Chatthong វ័យ ២៨ ឆ្នាំ ចូលរួមជាមួយជម្រើសជាតិចាប់តាំងពីឆ្នាំ ២០១៦ ដោយជួយឱ្យថៃលើកពាន Suzuki Cup និង ស៊ីហ្គេម នៅគ្រានោះផងដែរ ៕
ប្រភព៖ siamsport