ក្រុមកំពូលតារាង La Liga បានត្រឹមស្មើ RC Celta បន្ថយគម្លាតកំពូលតារាង
ក្នុងការប្រកួត ពានរង្វាន់លីគកំពូលអេស្ប៉ាញ (La Liga) រដូវកាល ២០២០-២០២១ នារំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មានការប្រកួតមួយដែលជាជំនួបរវាងក្រុមកំពូលតារាង Atletico Madrid ជាមួយនឹងក្រុម RC Celta ក្នុងការប្រកួតប្រចាំសប្តាហ៍ទី ២២ ។
ក្រុមទាំង ២ មិនអាចស្វែងរកជ័យជម្នះបានឡើយ ដោយលទ្ធផលបានបញ្ចប់ទៅក្នុងលទ្ធផល ២ ទល់នឹង ២ ។ ក្នុងនោះ ២ គ្រាប់ របស់ AT Madrid រកបានដោយកីឡាករ Luiz Suarez អតីតខ្សែប្រយុទ្ធ Barcelona នៅនាទីទី ៤៥ និង ៥០ ។ ចំណែកឯ Celta ក៏មិនណយដែរ ដោយរកបាន ២ គ្រាប់វិញ នៅនាទីទី ១៣ និង នាទី៨៩ មុននឹងបញ្ចប់ការប្រកួតទៅហើយ ។
ការស្មើក្នុងដីនេះ បានធ្វើឱ្យក្រុមកំពូលតារាង Atletico Madrid បន្ថយគម្លាតពីក្រុមលេខ ២ Barcelona ដោយឃ្លាតគ្នាតែ ៨ ពិន្ទុប៉ុណ្ណោះ ។ Atletico Madrid មាន ៥១ ពិន្ទុ ស្ថិតនៅកំពូលតារាង ខណៈក្រុមលេខ ២ Barcelona មាន ៤៣ ពិន្ទុ ស្មើគ្នាជាមួយនឹង Real Madrid ស្ថិតនៅលេខ ៣ ៕