Liverpool ល្អវិញហើយ លត់ Spur ៣-១ ក្រោយមិនស្គាល់ពាក្យថាឈ្នះ ៤ សប្តាហ៍ជាប់គ្នា
រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី ២៩ ខែមករា ឆ្នាំ ២០២១ ក្នុងការប្រកួត English Premier League រដូវកាល ២០២០-២០២១ ប្រចាំសប្តាហ៍ទី ២០ នេះ ក្រុមបាល់ទាត់ Liverpool បានប្រកួតឈ្នះ ក្រុមបាល់ទាត់ Tottenhamp Hotspur ដោយលទ្ធផល ៣ ទល់នឹង ១ នៅក្នុងកីឡដ្ឋានរបស់ Spur ស្ថិតនៅទីក្រុងឡុងដ៍ ។
៣ គ្រាប់នេះ រកបាននៅតង់ទីមួយ ១ គ្រាប់ ដោយកីឡាករខ្សែប្រយុទ្ធ Roberto Firmino នៅនាទីទី ៤៥ បូក ៤ ដោយតង់ទី ១ បញ្ចប់ដោយលទ្ធផល ១ ទល់នឹង ០ ។ ចូលដល់ដល់តង់ទី ២ កីឡាករ Trent Alexander Arnold រកបាន ១ គ្រាប់នៅនាទីទី ៤៧ និង Sadio Mané នៅនាទីទី ៦៥ ។ ធ្វើឱ្យលទ្ធផលបញ្ចប់ការប្រកួត Liverpool ៣ Tottenham Hotspur ១ ។
ជ័យជម្នះនេះ គឺជាពិន្ទុដ៏ល្អមួយដែលនាំឱ្យក្រុមហង្សក្រហមបានឡើងមកកាន់ចំណាត់ថ្នាក់លេខ ៤ វិញដោយមាន ៣៧ ពិន្ទុ (ឈ្នះ ១០ ស្មើ ៧ ចាញ់ ៣ ) ក្រោយពីធ្លាក់ចំណាត់ថ្នាក់ជាលំដាប់ តាំងពីកំពូលតារាង រហូតដល់លេខ ៦ កាលពីពេលកន្លងទៅនេះ ក្រោយភាពបរាជ័យអស់រយៈពេល ១ ខែជាងមកនេះ ៕