ត្រៀមៗ! អែម សុវណ្ណារី ប៉ះជើងខ្លាំងកូរ៉េខាងត្បូង នៅ ONE Championship ចុងសប្តាហ៍នេះ
ព្រឹត្តិការណ៍ ONE Championship (Unbreakable II) នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ នៅលើទឹកដីប្រទេសសិង្ហបូរី ដោយមានគូប្រកួតល្បីៗមកពីជុំវិញពិភពលោក ចំនួន ៦ គូ ដែលក្នុងនោះក៏មានកីឡាករមកពីកម្ពុជាផងដែរ ។
គូកម្ពុជា កីឡាការិនី អែម សុវណ្ណារី នឹងត្រូវជួបប្រកួតជាមួយនឹង កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងប្រភេទក្បាច់គុនចម្រុះ ។ បើនិយាយពីកីឡាការិនីកូរ៉េខាងត្បូងដែល អែម សុវណ្ណារី ត្រូវជួបនោះ គឺធ្លាប់ប្រកួត ៣ លើក ឈ្នះ ២ លើក និងស្មើ ១ លើក ក៏ប៉ុន្តែតែការឈ្នះទាំង ២ លើករបស់នាង សុទ្ធតែផ្តួលដៃគូឱ្យសន្លប់ទាំង ២ លើក ។
សូមបញ្ជាក់ថា អែម សុវណ្ណារី ជាកីឡាការិនី ប្រឡូកលើសង្វៀនគុនចម្រុះ ឬ វ៉ៃដាក់ទ្រុងបានចំនួន ៣ លើក មិនដែលចាញ់។ មិនតែប៉ុណ្ណោះ លើកដំបូងប្រកួតដាក់ទ្រុងនៅអាមេរិក កាលពីឆ្នាំ ២០១៦ អែម សុវណ្ណារី ឈ្នះកីឡាការិនីអាមេរិក Lanikqua Robins នៅទឹកទី១។ ឈ្នះកីឡាការិនីអាមេរិក Evelyn Nieves នៅទឹកទី១ និង ការប្រកួតចុងក្រោយ សុវណ្ណារី ឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅប្រទេស ម៉ាឡេស៊ី៕
ប្រភពៈ ONEFC