លីគកំពូលកម្ពុជា និង ពានរង្វាន់សម្តេច ប្រកាសអនុញ្ញាតិឱ្យមានអ្នកទស្សនាត្រឹម ១០% ប៉ុណ្ណោះ
កាលពីព្រឹកថ្ងៃ អង្គារ៍ ទី ២៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានចេញសេចក្តីប្រកាសមួយទៅដល់ក្លិបបាល់ទាត់នានា ដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និង ពានរង្វាន់សម្តេចរដូវកាលថ្មី ២០២១ ខាងមុខនេះ ដោយអនុញ្ញាតិឱ្យមានអ្នកទស្សនានៅកីឡដ្ឋាន ត្រឹមតែ ១០ ភាគរយនៃចំនួនផ្ទុកសរុបរបស់កីឡដ្ឋាននីមួយៗតែប៉ុណ្ណោះ។
ចំពោះមូលហេតុនៃការអនុញ្ញាតិឱ្យមានទស្សនិកជនតិចបែបនេះ គឺដោយសារតែដើម្បីបង្ការការឆ្លងកូវីដ ១៩ ។ ដោយកាលពីពេលកន្លងទៅនេះ លីគកំពូល និង ពានរង្វាន់នានា បានផ្អាកការប្រកួត ក៏ដូចជាហាមឃាត់ក្នុងការចូលរួមទស្សនាចំនួន ៣ លើកមកហើយ ដោយសារតែកូវីដ ១៩ នេះ ។
សូមបញ្ជាក់ថា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ រដូវកាលថ្មី ឆ្នាំ២០២១ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ។ ចំណែកឯ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ រដូវកាលថ្មី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ ៕
ប្រភពៈ CNCC