ពេល Ozil ទៅបាត់ តើបាននរណាពាក់លេខ ១០ នៅ Arsenal?
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮថា កីឡាករខ្សែបម្រើ-ប្រយុទ្ធ សញ្ញាតិអាល្លឺម៉ង់ Mesut Ozil នឹងចាកចេញពីក្លិប Arsenal ដោយផ្ទេរទៅកាន់ក្លិប Fenerbahce ដែលជាក្លិបលេងនៅលីគកំពូលទួរគី ក្នុងពេលឆាប់ៗនេះ។ ទោះបីជាមិនទាន់ប្រកាសជាផ្លូវការក៏ដោយ ក៏ប៉ុន្តែកីឡាករដែលត្រូវ Arsenal លែងប្រើការនេះ បានបង្ហាញមុខនៅប្រទេសទួរគី ដោយបានលើកទង់ក្លិប Fenerbahce ទៀតផង ។
ចំពោះលេខ ១០ ដែលជាលេខហុងស៊ុយ របស់ Arsenal នៅពេលនេះ កំពុងតែត្រូវបានក្លិបពិចារណាថា នឹងត្រូវឱ្យទៅកីឡាកររូបណា ។ ដោយក្នុងនោះមានបេក្ខភាព កីឡាករវ័យក្មេង ២ រូប គឺ កីឡាករខ្សែប្រយុទ្ធ Emile Smith Rowe វ័យ ២០ ឆ្នាំ និង កីឡាករខ្សែប្រយុទ្ធ Gabriel Martinelli ដែលមានវ័យ ១៩ ឆ្នាំ ។
Gabriel Martinelli
Emile Smith Rowe
ចំពោះមូលហេតុដែលពួកគេទាំង ២ ស្ថិតនៅក្នុងបញ្ជីរពិចារណាឱ្យពាក់លេខ ១០ នេះ គឺដោយសារតែពួកគេ គឺជាកីឡាករលេចធ្លោខ្លាំងរបស់ Arsenal ។ គួរឱ្យដឹងដែរថា Arsenal តែងតែផ្តល់លេខ ១០ នេះ ចំពោះតែខ្សែប្រយុទ្ធដែលលេចធ្លោតែប៉ុណ្ណោះ ហើយពួកគេទាំង ២ មានវ័យក្មេងដែល Arsenal រំពឹងថាគេនឹងខ្លាំងហើយឈរជើងយូរឆ្នាំ នៅក្នុងក្លិប៕
ប្រភពៈ AMS