សោកស្តាយ! ពានរង្វាន់បាល់ទាត់ជម្រើសជាតិធំបំផុតរបស់អាស៊ាន ត្រូវលើកពេលប្រកួតជាលើកទី៣
ថ្ងៃចន្ទ ទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសថាពានរង្វាន់បាល់ទាត់ជម្រើសជាតិធំបំផុត របស់អាស៊ាន (AFF Suzuki Cup) នឹងលើកទៅធ្វើឡើងនៅថ្ងៃទី ០៥ ខែធ្នូឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ វិញ ដើម្បីឱ្យការប្រកួតមានភាពទាក់ទាញខ្លាំង ។
លោកឧត្តមសេនីយ៍ឯកខៀវ សាម៉េតប្រធាន AFF បានថ្លែងថា សុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ជាអាទិភាពទី១ ដូចដែលបានដឹងវ៉ាក់សាំងកូវីដ ១៩ បានទទួលជោគជ័យហើយ ដូចនេះ ការលើកទៅចុងឆ្នាំ ២០២១ គឺជាពេលវេលាដ៏ល្អបំផុត ដែលយើងអាចទទួលបាននូវទស្សនិកជនពេញកីឡដ្ឋាន ហើយប្រទេសនីមួយៗនឹងអាចធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួន។ ទាំងនេះហើយ គឺជាទស្សនៈ និង បេះដូងបាល់ទាត់នៃប្រជាជាតិអាស៊ាន ។
គួររំលឹកដែរថា ព្រឹត្តិការណ៍ AFF Suzuki Cup ដែលគ្រោងនឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ ២០២០ តែត្រូវលើកពេលជាបន្តបន្ទាប់រហូតទៅដល់ ខែមេសា ឆ្នាំ ២០២១ វិញ ដោយសារតែកូវីដ ១៩ កំពុងរាតត្បាតក្នុងតំបន់។ រីឯ ចំពោះការលើកពេលដល់ចុងឆ្នាំ២០២១ នេះគឺជាការលើកពេលជាលើកទី ៣ ហើយ៕
ប្រភព៖ VHN