Albirex Niigata គ្រងជើងឯកលីគកំពូលសិង្ហបូរី តែគ្មានឈ្មោះលេងពាន AFC CUP
កាលពីរាត្រីថ្ងៃអាទិត្យ ទី ០៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ លីគកំពូលសិង្ហបូរី (Singapore Premier League) បានបិទបញ្ចប់រដូវកាលរបស់ខ្លួនហើយ ដោយក្រុម Albirex Niigata ជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុម Hougang United ដោយលទ្ធផល ១ ទល់នឹង ០ ។
ការឈ្នះលើកនេះ គឺជាលើកទី ៤ របស់ក្លិបហើយ ខណៈដែលក្លិបប្រើធនធានកីឡាករជប៉ុនស្ទើរតែទាំងស្រុងនេះ ធ្លាប់ឈ្នះកាលពីឆ្នាំ ២០១៦ ២០១៧ និង ២០១៨ រួចមកហើយ ។ បើនិយាយអំពីកៅអីពានរង្វាន់អន្តរជាតិវិញ ក្លិបនេះនឹងមិនទទួលបានឡើយ ទោះបីជាសិង្ហបូរី មានកៅអី ៣ នៅពាន AFC Champions League និង AFC CUP ក្តី ពីព្រោះក្រុមនេះ មិនត្រូវបានសិង្ហបូរីចាត់ទុកជាក្រុមតំណាងជាតិខ្លួនឡើយ ពោលគឺដាក់ឱ្យលេងដើម្បី ឱ្យលីគសិង្ហបូរី មានការប្រកួតប្រជែងខ្ពស់តែប៉ុណ្ណោះ ។
ចំពោះកៅអីលេង AFC Champions League បានធ្លាក់ទៅលើក្រុមលេខ ២ Tampines Rovers ហើយ AFC CUP ត្រូវធ្លាក់ទៅលើក្រុម លេខ ៣ (Lion City Sailors) និង លេខ ៤ (Geylang International) ៕
ប្រភព៖ SPL