ជម្រើសជាតិម៉ាឡេស៊ីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់កូនស្លាប់ម្តាយក្មេក ឯប្រពន្ធសង្គ្រោះបន្ទាន់
នៅព្រឹកថ្ងៃអាទិត្យ ទី ០៦ ខែធ្នូ ឆ្នាំ ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅគីឡូម៉ែត្រលេខ ១៦៣ នៃផ្លូវជាតិភាគខាងជើងប្រទេសម៉ាឡេស៊ី ស្ថិតនៅតំបន់ Sungai Bakap ខណៈអ្នកបើកបរគឺជាខ្សែប្រយុទ្ធដ៏ល្បីល្បាញ Muhammad Syafiq Ahmad របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី និង ក្រុម Johor Darul Ta’zim ។
ទារកតូចអាយុ ២២ ថ្ងៃ ដែលត្រូវជាកូន រួមទាំងស្រ្តីវ័យ ៤៥ ឆ្នាំដែលត្រូវជាម្តាយក្មេករបស់គេ ត្រូវបានរកឃើញថាស្លាប់នៅក្នុងហេតុការណ៍នេះ ។ ចំណែកឯនារីវ័យ ៣០ ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់គេបានរងរបួសធ្ងន់ធ្ងរ កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ រីឯកូនស្រីវ័យ ២ ខួបរបស់គេបានរងរបួសស្រាល ។
គួរឱ្យដឹងដែរថា ក្នុងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៣៦ នាទីព្រឹក ដោយមូលហេតុត្រូវបានគេដាក់ការសង្ស័យថា ខ្សែប្រយុទ្ធរូបនេះបើកបរដោយងងុយដេក និង ហួសល្បឿនកំណត់ ខណៈដែលពេលនេះ កីឡាករ Muhammad Syafiq Ahmad បានរងរបួសស្រាល ហើយកំពុងតែសម្រាកនៅមន្ទីរពេទ្យ ៕
ប្រភព៖ thestar