លីគកំពូលសិង្ហបុរី ក្លាយជាប្រទេសទី ៥ នៅអាស៊ាន បើកឱ្យចូលទស្សនាឡើងវិញ
កាលពីថ្ងៃព្រហស្បតិ៍ ទី ០៣ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់សិង្ហបុរី (Singapore FA) បានអនុញ្ញាតិឱ្យការប្រកួតលីគកំពូលសិង្ហបុរី ទទួលទស្សនិកជនឡើងវិញហើយ ក្រោយពីបានបិទកាលពីដើមខែមីនា ឆ្នាំ ២០២០ កន្លងមកនេះ ដោយសារតែវិបត្តិកូវីដ ១៩ ។
ជាមួយនឹងការបើកឡើងវិញនេះ ត្រូវបានគេកំណត់ឱ្យមានអ្នកទស្សនាផ្ទាល់តែចំនួន ២០០ នាក់តែប៉ុណ្ណោះ ដោយបានបែងចែកចំនួន ១៥០ នាក់ដល់ក្រុមម្ចាស់ផ្ទះ និង ៥០ នាក់ទៀតដល់ក្រុមភ្ញៀវ ។ ការបើកឱ្យចូលទស្សនាឡើងវិញនេះ គឺដោយសារតែការប្រកួតនេះ គឺជាការប្រកួតផ្តាច់ព្រ័ត្របិទបញ្ចប់រដូវកាល ២០២០ នេះ ដែលក្រុម Tampines Rovers FC និង Geylang International FC ត្រូវជួបគ្នា នៅកីឡាដ្ឋាន Tampines Hub នៅថ្ងៃសៅរ៍ទី ០៥ ខែធ្នូ ឆ្នាំ ២០២០ ។
គួរឱ្យដឹងដែរថា លីគកំពូលសិង្ហបូរី គឺជាលីគកំពូលទី ៥ នៅអាស៊ាន ដែលអនុញ្ញាតិឱ្យមានអ្នកទស្សនាឡើងវិញ បន្ទាប់ពី វៀតណាម ឡាវ ថៃ និង កម្ពុជា ៕
ប្រភព៖ CNA