ត្រៀម AFC CUP 2021 បឹងកេត គ្រោងបញ្ចប់កុងត្រាកីឡាករបរទេស ២ រូប
លោក បែរ មករា អ្នកចាត់ការក្រុមបឹងកេត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃលើកពានរង្វាន់លីគកំពូលកម្ពុជាថា ក្លិបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែង ជាមួយនឹងក្លិបនៅតំបន់អាស៊ានផ្សេងទៀត នៅក្នុងពានរង្វាន់ AFC CUP ២០២១ ។
ជុំវិញរឿងរៀបចំក្រុមនេះ លោកបានបន្តថា លោកកំពុងតែសម្លឹងមើលកីឡាករបរទេសមួយចំនួនមកពង្រឹងក្រុម ខណៈដែលក្រុមលោកវិញ នឹងធ្វើការរុះរើកីឡាករបរទេសខ្លះ (២រូប) តែមិនទាន់បង្ហើបឈ្មោះ ដើម្បីយកកូតាដាក់កីឡាករបរទេសថ្មីផ្សេងទៀត ។
គួរឱ្យដឹងដែរថា ក្លិបបឹងកេត បានគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២១ ដោយបានទៅលេងវគ្គចែកពូល AFC CUP 2021 ដោយស្វ័យប្រវត្តិ ។ គិតមកត្រឹមពេលនេះ គឺជាលើកទី ៣ ហើយ ដែលបឹងកេតបានចូលរួមក្នុងពានរង្វាន់ AFC CUP តែមិនដែលបានឆ្លងផុតវគ្គចែកពូលម្តងណាឡើយ ៕
ប្រភព៖ MCL