ផ្អើលពេញតារាង! ប្រកួតសុខៗ គ្រូពេទ្យប្រកាសថាជម្រើសជាតិក្រូអាតម្នាក់ផ្ទុកកូវីដ ១៩
កាលពីថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ យបមិញនេះ ក្នុងការប្រកួតរវាងជម្រើសជាតិក្រូអាត និង ទួរគី នៅក្នុងប្រទេសក្រូអាត បានធ្វើឱ្យកីឡាករម្នាក់ៗមានអារម្មណ៍ស្លុតចិត្តមិនស្ទើរទេ នៅនាទីទី ៤៥ ក្នុងការប្រកួតតង់ទី ១ ។
មូលហេតុគឺដោយសារតែគ្រូពេទ្យទើបតែប្រកាសលទ្ធផលតេស្តកូវីដ ១៩ ដែលបានពិនិត្យនៅព្រឹកនៃថ្ងៃប្រកួត ដោយក្នុងនោះកីឡាករខ្សែការពារ Domagoj Vida របស់ជម្រើសជាតិក្រូអាតមានលទ្ធផលវិជ្ជមាន ។ ក្រោយពីទទួលបានលទ្ធផលនេះ គ្រូបង្វឹកបានធ្វើការផ្លាស់ប្តូរកីឡាកររូបនេះចេញវិញ តែការប្រកួតមិនបានបញ្ចប់ឡើយ ដោយបានប្រកួតបន្តទាំងអារម្មណ៍ភ័យខ្លាចរៀងៗខ្លួន ។
គួរឱ្យដឹងដែរថា មុននេះកាលពីថ្ងៃច័ន្ទ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កីឡាករទាំងអស់បានធ្វើតេស្តម្តងរួចមកហើយ ដោយមិនមាននរណាម្នាក់វិជ្ជមានកូវីដ ១៩ ឡើយ តែចង្រៃអីថ្ងៃប្រកួតទើបឃើញវិជ្ជមានខណៈដែលលទ្ធផលតេស្តចេញយឺតពេល (ចេញមិនទាន់មុនការប្រកួត) ទៀត ៕
ប្រភព៖ MFT