ទើបងើបពីឈឺ Ronaldo នៅតែខ្លាំង ស៊ុត ១ គ្រាប់ បំបែកកំណត់ត្រាថ្មីក្នុងជំនួបឈ្នះ អង់ដូរ៉ា ៧-០
កាលពីយប់រំលងអាធ្រាត្រថ្ងៃពុធ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិអង់ដូរ៉ា ដោយលទ្ធផល ៧ ទល់នឹង ០ ។ ក្នុងនោះ ១ គ្រាប់រកបានដោយកីឡាករខ្សែប្រយុទ្ធ Christiano Ronaldo របស់ក្លិបបាល់ទាត់ Juventus ។
ទោះបីជាទើបតែសះស្បើយពីកូវីដ ១៩ មិនទាន់បានមួយខែក្តី តែកីឡាកររូបសង្ហា Ronaldo បានស៊ុតគ្រាប់ទី ៦ ក្រោយពេលដែលរូបគេដូរចូលនៅតង់ទី ២ ។ ក្នុងជំនួបនេះផងដែរ គេបានបំបែកកំណត់ត្រាថ្មីមួយដោយបានរកជ័យជម្នះឱ្យក្រុមជម្រើសជាតិខ្លួនបាន ១០០ ប្រកួតហើយ ក្នុងការបង្ហាញខ្លួនបាន ១៦៨ ប្រកួត ។
កីឡាកររូបនេះកំពុងតែស្ថិតនៅក្នុងដំណើរទៅកាន់ការបំបែកកំណត់ត្រាពិភពលោក ១ ផ្សេងទៀត គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបង្អស់ ដោយគិតមកទល់នឹងពេលនេះគេរកបាន ១០២ គ្រាប់ ខណៈដែលម្ចាស់កំណត់ត្រាចាស់រកបាន ១០៩ គ្រាប់ ៕