ល្ងាចនេះ បឹងកេត នឹងទទួលទឹកប្រាក់ ១៥០ លានរៀល ក្រោយគ្រងជើងឯក កាលពីយប់មិញ
កាលពីយប់ថ្ងៃអាទិត្យ ទី ២៥ ខែតុលា ឆ្នាំ ២០២០ នៅលើទីលាន RSN ក្រុមបាល់ទាត់បឹងកេត បានគ្រងជើងឯកក្នុងវិនាទីចុងក្រោយ ក្នុងការប្រកួតចុងក្រោយបង្អស់នៃលីគកំពូលកម្ពុជា រដូវកាល ២០២០ ដោយលទ្ធផល ១ ទល់នឹង ១ ជាមួយនឹងភ្នំពេញក្រោន ។
គ្រាប់បាល់ជើងឯកក្នុងវិនាទីចុងក្រោយ (នាទី ៩០+៧) ក្រុមបាល់ទាត់បឹងកេត បានវាយបកបានវិញដោយ កីឡាករ Zhama Bata ក្រោយការបញ្ចូនបាល់ដ៏ល្អរបស់ ម៉ាត់ នុរុណ ។ ចំណែកឯក្រុមព្រះខ័នរាជស្វាយរៀងបានរបូតពានពីដៃ ដោយសោកស្តាយ ទោះបីជាបានយកឈ្នះ ណាហ្គាវើលដ៏ក្នុងលទ្ធផល ៤ ទល់នឹង ០ ក៏ដោយ ។
ក្រុមជើងឯកបឹងកេត នឹងទទួលបានពានលីគកំពូលកម្ពុជា រួមជាមួយនឹងមេដាយមាសចំនួន ៣០ នឹងប្រាក់រង្វាន់ចំនួន ១៥០ លានរៀល ហើយការប្រគល់ពាននឹងប្រាក់រង្វាន់នឹងធ្វើឡើងនៅពហុកីឡដ្ឋានជា នាថ្ងៃចន្ទ ទី ២៦ ខែតុលា ឆ្នាំ ២០២០ នេះ ៕