តើទូរស័ព្ទប្រភេទណា ដែលអ្នកចង់បានក្នុងឆ្នាំ ២០១៩ នេះ ?
ទើបតែដើមឆ្នាំ ២០១៩ សោះ មានផលិតផលទូរស័ព្ទជាច្រើនបាននាំគ្នាបង្អួតរាង និង បង្ហាញឥន្ធិពលរបស់ពួកគេមកកាន់អ្នកប្រើប្រាស់ សឹងតែគ្រប់ទីន្លែង ។ តើទូរស័ព្ទម៉ូឌែលមួយណាដែលជាចំណង់ចំណូលចិត្តរបស់អ្នកក្នុងឆ្នាំ ២០១៩ នេះ ? ពណ៌ស្អាត ? សាកថ្មឆាប់ពេញ ? ទំហំ Ram ធំ ? ឬក៏ថតរូបស្អាតទៅ ? ។
កាលពីដើមខែកុម្ភៈនេះ S10 របស់ស្មាតហ្វូន Samsung បានផ្ទុះឡើងដែលធ្វើឲ្យអ្នកប្រើប្រាស់មានភាពរំជើបរំជួល និង និយាយតៗគ្នាថាជាទូរស័ព្ទដែលមានរូបរាងស្អាត និង មានអេក្រង់ AMOLED ក្នុងថាមវន្តជាសមាសធាតុធ្វើតេស្តអេក្រង់របស់អ្នកជំនាញមិនធ្លាប់មានពីមុនមក ។
មិនតែប៉ុណ្ណោះស្មាតហ្វូន OnePlus និង ស្មាតហ្វូនរបស់ Sony ក៏មិនធម្មតាដែរជាពិសេសគឺអ្នកជំនាន់ក្រោយរបស់វាគឺ Sony Experia 1 ដែលជាម៉ូឌែលស្មាតហ្វូនជំនាន់ថ្មី ដែលមានការគាំទ្រច្រើនដែរ ព្រោះតែស្មាតហ្វូននេះបានព្យាយាមរចនាទាំងរូបរាង Software និង Hardware របស់ខ្លួនស្ទើរតែដូចទៅនឹងម៉ូឌែលល្បីៗផងដែរ ។ តាមការស្ទាបស្ទង់មតិបានឲ្យដឹងថាអ្នកប្រើប្រាស់ខ្លះពេញចិត្តនឹងម៉ូឌែលថ្មីទាំងពីរ ព្រោះតែវាមានតម្លៃសមរម្យសម្រាប់ជីវភាពរបស់ពួកគេ និង អាចប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃបានយ៉ាងងាយស្រួលថែមទៀតផង ។
មិនបណ្តោយពេលវេលាឲ្យនៅយូរឡើយស្រាប់តែនៅដើមខែមីនានេះ Brand ស្មាតហ្វូន ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ និង មនុស្សវ័យកណ្តាលយ៉ាងច្រើនសន្ធឹកសន្ធាប់ OPPO បានបង្ហាញវត្តមានកូនពៅត្រកូល F របស់ខ្លួនយ៉ាងសង្ហាមួយម៉ូឌែលទៀត នោះគឺ F11 Pro ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់កាន់តែឈ្លក់វង្វេងទាំងការរចនា Logo ផ្តេក ការចាក់ពណ៌ គឺមិនសរសើរមិនបាន ព្រោះ F11 Pro ដែលនឹងត្រៀមបង្ហាញខ្លួននាពេលនេះបានរចនាឡើងដោយបំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយកម្រិត 48 MP មានកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលស្របគ្នាតែម្តង ។
ហើយអ្វីដែលកូនពៅ F11 Pro មួយម៉ូឌែលនេះបំពេញចិត្តអ្នកប្រើប្រាស់ចង់បាននោះ គឺវាមានអេក្រង់លាតសន្ធឹងស្អាត គ្មានចន្លោះឆកដូចស៊េរី F មុនៗ មានបច្ចេកវិជ្ជា Hyper Boost ជំនួយល្បឿនសម្រាប់អ្នកដែលនិយមលេងហ្គេមអនឡាញ បែបសម័យទំនើបតែម្តង ។
ចំណែកស្មាតហ្វូន IPhone វិញ ពេលនេះកំពុងសំងំលាក់ខ្លួន ចាំមើលដៃគូរប្រកួតប្រជែងរបស់ខ្លួនបានធ្វើអ្វីខ្លះ ហើយការវាយលុកទីផ្សាររបស់ពួកគេដូម្តេចដែរ ? ដោយក្រុមហ៊ុនស្មាតហ្វូននេះមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ចំពោះទីផ្សារលក់របស់ពួកគេ ព្រោះតែវា Brand ចាស់ទុំជាងគេ ហើយគ្រប់ម៉ូឌែលរបស់ IPhone ដែលបានកំណត់យកសម្រាប់ទីផ្សារទូរស័ព្ទម្តងៗតែងតែប្លែក និង មានតម្លៃខ្ពស់ៗទាំងអស់ ។ និយាយមកដល់ត្រឹមនេះ តើលោកអ្នកបានគិត ឬនៅថានឹងជ្រើសរើសម៉ូឌែលមួយណាសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក នៅឆ្នាំ ២០១៩ នេះ ? គិតហើយប្រាប់មកយើងខ្ញុំវិញផង ៕