
កុំភ្លេចណា ! ឆ្នាំនេះរីករាយជាមួយសង្ក្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ (វីដេអូ)
ខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» ដ៏ធំមិនធ្លាប់មាននៅកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩ ខាងមុខនេះ។ ការរៀបចំ «សង្ក្រាន្តសមុទ្រ» នេះឡើងជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សហការរៀបចំជាមួយក្រុមហ៊ុន Blue Media Cambodia និង មន្ទីរពាក់ព័ន្ធជាច្រើន ។
ព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០១៩ នៅឆ្នេរឯករាជ្យ ជាមួយនឹងការតាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ដោយមានការរៀបចំស្តង់ផលិតផលក្នុងស្រុក ស្តង់ម្ហូបអាហារ និង ស្តង់ទេសចរណ៍ដែលបង្ហាញពីសក្តានុពល និង ការអភិវឌ្ឍនានារបស់ខេត្តព្រះសីហនុ ។
ព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» នឹងមានរៀបចំពិធីសាសនា និង វប្បធម៌នានាដែលរួមមានការរាប់បាត្រតាមប្រពៃណីព្រះពុទ្ធសាសនាដោយនិមន្តព្រះសង្ឃជាច្រើនអង្គ ការទទួលទេវតា និង ការបង្ហោះគោមជាដើម ។ល។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ទាំងមូលនឹងមានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយប្លែកៗ ជាច្រើនខុសពីព្រឹត្តិការណ៍ដទៃជាមួយនឹងគំនិតច្នៃប្រឌិតយ៉ាងស្រស់ស្អាតផ្សារភ្ជាប់នឹងការបង្ហាញសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងនោះខ្លោងទ្វារមានការរៀបចំតុបតែងជាមួយនឹងរូបបង្កងដ៏ធំ ។
ព្រឹត្តិការណ៍កម្សាន្តចម្រុះនឹងត្រូវបានរៀបចំឡើងមានដូចជា ការប្រគុំតន្ត្រីសម័យដ៏ធំដែលមានការចូលរួមពីតារាល្បីៗ ក៏ដូចជាការបង្ហាញនូវផ្ទាំងទស្សនីយភាពវប្បធម៌ ដែលមានការសម្តែងរួមគ្នារវាងសិល្បៈករបុរាណ និង សម័យ ។ល។ លើសពីនេះទៅទៀត សកម្មភាពលេងកម្សាន្តនៅលើឆ្នេរខ្សាច់នឹងមានការសម្តែងសៀក ការលេងល្បែងប្រជាប្រិយខ្មែរដ៏ពេញនិយម ដូចជាបោះឈូង វាយក្អម ទាញព្រ័ត ឡើងសសរខ្លាញ់ លោតអន្ទាក់ភ្លើង លេងពង្រាត់ទីលើឆ្នេរខ្សាច់ និង លាក់កន្សែងជាដើម ។
មិនតែប៉ុណ្ណោះនៅតាមឆ្នេរ និង នៅចន្លោះស្តង់ពិព័រណ៍នីមួយៗ មានល្បែងកម្សាន្តប្លែកៗជាច្រើនទៀតដូចជា ការដើរលើស្បែកជើងក្តារជាក្រុម ការបោះបាល់ឱ្យចំគោលដៅ ការបង្វិលកងភ្លើង ការជះទឹកក្រអូប ស្តង់គូរមុខ ការឈរទ្រឹងរបស់បងមាស និង កញ្ញាប្រាក់ ការដើរបង្ហាញរាងពីសំណាក់បងអ៊ូក អូនម៉ាប់ ឆៃយ៉ាំ នាងមច្ឆា យក្សខ្មែរ ស្តេចល្ខោន ការលេងតន្ត្រីទោល និង សកម្មភាពកម្សាន្តផ្សេងទៀតសរុបជិត ៥០ មុខនៅលើឆ្នេរខ្សាច់ ។ កម្មវិធីក៏មានរៀបចំកន្លែងស្អាតៗសម្រាប់យុវវ័យបង្ហាញនូវក្តីស្រលាញ់ចំពោះគ្រួសារ ឪពុកម្តាយផងដែរ ដូចជាការបង្ហោះគោមដោយភ្ជាប់នឹងពាក្យពេចន៍ជូនពរផ្សេងៗ កន្លែងថតរូបអនុស្សាវរីយ៍ អមជាមួយភ្លើងទៀននៅលើឆ្នេរខ្សាច់ ព្រមទាំងមានការបាញ់កាំជ្រួចទៀតផង ។
ដោយក្តីស្រលាញ់ចំពោះប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្តដែលមានឯកឧត្តម ជាម ហ៊ីម ជាប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ជានិច្ចចំពោះសន្តិសុខ សុវត្តិភាពចំពោះប្រជាពលរដ្ឋក្នុងខេត្ត ដោយឯកឧត្តមបានត្រៀមរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅតាមស្រុកភូមិនានា ក្នុងខេត្តព្រះសីហនុមកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ។
លើសពីនេះឯកឧត្តមបានចាត់ចែងរៀបចំទីតាំង ផ្លូវចេញ-ចូលមានលក្ខណៈធំទូលាយ មានរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ កម្លាំងសន្តិសុខការពារប្រចាំការរយៈពេល ៣ ថ្ងៃនេះ ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព ត្រលប់ទៅវិញជាមួយអនុស្សាវរីយ៍ល្អៗ និង ស្នាមញញឹម ។
ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» ធ្វើឡើងស្របគ្នាជាមួយនឹងការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែច្រើន ៕
ទំនាក់ទំនងគាំទ្រកម្មវិធីតាមរយៈ ៖
០៧១ ៩៩៩៩ ៦០៥
០៧៦ ២២២២ ១១១
០៩៩ ៨៤៨ ៨៨៥