
តើមានអ្វីប្លែកសម្រាប់អតិថិជន OPPO ? (វីដេអូ)
ថ្មីៗនេះមានព័ត៌មានបរទេសជាច្រើនបានបញ្ចេញនូវរូបភាព Poster និង រូបភាពវីដេអូជាច្រើនដែលហាក់ដូចជាចង់បង្ហាញថាក្រុមហ៊ុន OPPO នឹងមានចេញផលិតផលថ្មីរបស់ខ្លួនជាម៉ូឌែល F11 Pro ដែលបណ្តាលឲ្យមានការងឿងឆ្ងល់ និង ចង់ដឹងពីព័ត៌មានបែកធ្លាយទាំងនោះថាជាការពិត ឬយ៉ាងណា ? ។ តាមរយៈរូបភាពនោះបានបង្ហាញថានឹងមានទូរស័ព្ទ F11 Pro ដ៏ទាក់ទាញមកជាមួយនឹងអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X បន្តិច ។
ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង វាស្ថិតក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅផ្នែកខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃដ៏គួរឲ្យទាក់ទាញ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ ។ ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះបានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវាមានទំហំ 48 MP និង មានពាក្យស្លោកជាភាសារអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះ ជាម៉ូឌែលស្មាតហ្វូនដែលមានសមត្ថភាពថតច្បាស់នៅកន្លែងដែលមានពន្លឺតិត ល្អឥតខ្ចោះតែម្តង និង មានពណ៌ខៀវបែកស្វាយដូចគ្នាទៀតជាដើម ។
តាមប្រភពព័ត៌មានបែកធ្លាយនោះ ម៉ូឌែលថ្មីរបស់ OPPO នេះអាចនឹងបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដូចនឹងម៉ូឌែលមុនដែរ ប៉ុន្តែយើងមិនទាន់ដឹងថាវាស្ថិតក្នុងទំហំប៉ុន្មាននៅឡើយទេ ។ យ៉ាងណាមិញយើងក៏នៅមិនទាន់ដឹងថា តើ F11 Pro ដែលគ្រប់គ្នានាំផ្អើលចង់ដឹងនោះ នឹងមកដល់កម្ពុជាឬទេ ? តើជា F11 ឬ F11 Proដែលនឹងមកដល់កម្ពុជា ? ទាំងនេះវាគ្រាន់តែជាសំណួរ ចេញពីចំងល់តែប៉ុណ្ណោះ។ មិនយូរប៉ុន្មានស្រាប់តែព្រឹកមិញនេះ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានបញ្ចេញរូបភាពវីដេអូមួយ ដែលបានសម្ភាសក្រុមអ្នកគាំទ្រផលិតផលរបស់ពួកគេដែលមានរយៈពេល ៤៦ វិនាទី ។ តាមរយៈវីដេអូខ្លីនេះគឺមានក្រុមគាំទ្រទខ្លះបានបង្ហាញចំណាប់អារម្មណ៍ខុសៗគ្នារបស់ពួកគេស្តីអំពីបទពិសោធ នៃការប្រើប្រាស់ស្មាតហ្វូន និង ភាពពេញចិត្តចំពោះផលិតផលនានារបស់ OPPO នាពេលកន្លងមក ។
ប៉ុន្តែអ្វីដែលជាចំងល់ក្នុងវីដេអូរយៈពេល ៤៦ វីនាទីនេះ យើងឃើញថាមានការតភ្ជាប់វីដេអូខ្លីមួយទៀតនៅនាទីចុងក្រោយ គឺមានរូបភាពទូរស័ព្ទរាងផ្តេកមួយម៉ូឌែល ដែលយើងមិនដឹងថាវាជាស្មាតហ្វូន F11 ឬ F11 Pro នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានសរសេរថា (នឹងមានអ្វីកើតឡើងនាពេលឆាប់ៗនេះ…) ជាភាសាខ្មែរទៀត ។ បើចង់ដឹងច្បាស់សូម ទស្សនាវីដេអូខាងក្រោមនេះ ៖
អ្វីដែលលោកអ្នកបានឃើញនៅពេលនេះ វាគ្រាន់តែជាវីដេអូដែលយើងខ្ញុំបានដកស្រង់ពី page ផ្លូវការរបស់ OPPO បង្ហោះ និង បានតភ្ជាប់គ្នាជាមួយនឹងព័ត៌មានបែកធ្លាយពីព័ត៌មានបរទេសតែប៉ុណ្ណោះ តើវាអាចជាយុទ្ធសាស្ត្ររបស់ OPPO ឬយ៉ាងណា ? យើងទាំងអស់គ្នានៅតែមិនទាន់ដឹងច្បាស់ និង មិនអាចសន្និដ្ឋានបានថាក្រុមហ៊ុន OPPO នឹងមានផលិតផលថ្មី ជា F11 ឬ F11 Pro មកកម្ពុជានៅឡើយទេ ព្រោះវាគ្រាន់តែជាព័ត៌មានបែកធ្លាយនៅក្នុងស្រុក និង ពីសារព័ត៌មានបរទស ។ ប៉ុន្តែជាទូទៅយើងតែងសង្កេតឃើញថា ក្រោយពេលមានព័ត៌មានបែកធ្លាយម៉ូឌែលស្មាតហ្វូនតាមប្រព័ន្ធអ៊ីនធើណែតក្នុងស្រុកម្តងៗ យ៉ាងយូររយៈពេលប្រហាក់ប្រហែលមួយខែនឹងមានវត្តមានម៉ូឌែលទូរស័ព្ទថ្មីនោះមកដល់ ។
ម្យ៉ាងវិញទៀតប្រសិនបើយើងតាមដាន Page ផ្លូវការរបស់ដៃគូ OPPO នានា ដូចជានៅប្រទេសឥណ្ឌា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ជាដើម យើងឃើញថាពួកគេក៏កំពុងតែកំដៅសាច់ដុំបញ្ចេញ Poster ផលិតផលថ្មី ជា F11Pro ហើយ ដូច្នេះតើOPPO កម្ពុជា នឹងមានការមកដល់របស់ F11 ឬ F11 Pro ឬទេ ? អីញ្ចឹងមានតែចាំមើលទាំងអស់គ្នាបន្តិចទៀត ។ ដូចយើងបានដឹងស្រាប់ហើយថា OPPO ជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនមួយដែលទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងស្រុក និង តាមបណ្តាប្រទេសនានានៅលើសកលលោក ហើយចាប់តាំងពីឆ្នាំ ២០១៦ ដែលក្រុមហ៊ុននេះមានវត្តមានក្នុងប្រទេសកម្ពុជាមកបានធ្វើឲ្យការលក់ចេញរបស់ក្រុមហ៊ុននេះ មានភាពលេចធ្លោខ្លាំងស្ទើរតែស្មើនឹងម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ទុំមួយចំនួនផងដែរ ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page របស់ OPPO តាមរយៈ https://www.facebook.com/OPPOCAMBODIA/