ធនាគារ ព្រីនស៍ ម.ក បានសម្ភោធជាផ្លូវការហើយ នៅសាលបុរីកោះពេជ្រ !
បន្ទាប់ពីបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០១៨ ធនាគារ ព្រីនស៍ ម.ក បានប្រារព្ធពិធីសម្ភោធជាផ្លូវការនៅសាលបុរីកោះពេជ្រនាថ្ងៃទី២៥ ខែមករាឆ្នាំ ២០១៩ ដើម្បីអនុវត្តប្រតិបត្តិការរបស់ខ្លួន។
ពិធីសម្ភោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងវត្តមាន ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការ ធនាគារជាតិ នៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរ: អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធាន សមាគមធនាគារនៅកម្ពុជា ឧកញ៉ា ចេន ហ្ស៊ី និងលោក ហ្គុយ ឆាយ ភាគទុនិក ធនាគារ ព្រីនស៍ ម.ក ព្រមទាំងមានការចូលរួម រីករាយ និង អបអរសាទរពីសំណាក់ ភ្ញៀវជាតិ និង អន្តរជាតិ ប្រមាណជា 500 នាក់។
មុនពេលក្លាយជាធនាគារពាណិជ្ជ គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយក្រោមឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី“។ធនាគារ ព្រីនស៍ ម.ក កំពុងចាប់ផ្តើមផែនការពង្រីកអាជីវកម្មដ៏ធំក្នុងរយៈពេល 5 ឆ្នាំខាងមុខ តាមរយៈការពង្រីកបណ្តាញផ្តល់សេវាអតិថិជន(Customer Touch Point) ក៏ដូចជាការណែនាំផលិតផលថ្មីៗ និងដំណោះស្រាយបច្ចេកវិទ្យាថ្មីឌីជីថល។ ផែនការនេះនឹងធ្វើឱ្យ ធនាគារដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុជាបន្តបន្ទាប់។
ជាមួយនឹងបរិយាកាសអាជីវកម្មមានភាពអំណោយផល រួមនឹងឆន្ទៈរបស់ម្ចាស់ភាគហ៊ុន ព្រមជាមួយការប្តេជ្ញាចិត្តចំពោះការវិនិយោគយូរអង្វែងនៅក្នុងឧស្សាហកម្មធនាគារនិងបុគ្គលិកដែលមានបទពិសោធន៍ ទេពកោសល្យ ចំណេះដឹងទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមដំណើរការពង្រីកអាជីវកម្មបន្ថែមទៀតចាប់ពីឆ្នាំ ២០១៩តទៅ។
ទិសដៅរបស់ធនាគារ គឺចង់ពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងការរួមចំណែក បំពេញចំណុច ខ្វះខាតរបស់វិស័យហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងវិនិយោគិនក្នុងស្រុក។ ហើយរួមចំណែកក្នុងការកាត់បន្ថយគំលាតបរិយាប័ន្នហិរញ្ញវត្ថុចំពោះប្រជាជន និងសហគ្រាសធុនតូច និងមធ្យម ដែលពុំមានលទ្ធភាពទទួលបានសេវាធនាគារ ហើយបន្តកើនឡើងជារៀងរាល់ថ្ងៃនៅក្នុងបរិបទម៉ាក្រូសេដ្ឋកិច្ចដែលមានលក្ខណៈអំណោយផល។ កំណើនអាជីវកម្មនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមនឹងការរីកចម្រើននៃប្រព័ន្ធធនាគាររបស់ប្រទេស តាមរយៈការវិនិយោគបន្ថែមលើការកសាងសមត្ថភាពធនធានមនុស្សនិងបច្ចេកវិទ្យាស្របតាមការអភិវឌ្ឍន៍ជាបន្តបន្ទាប់ នៃប្រព័ន្ធធនាគារនៅក្នុងតំបន់ និងពិភពលោក៕
អត្ថបទ ក្រុមហ៊ុន