ក្រុមហ៊ុន Havas Champagne ដណ្តើមឈ្នះបានពានរង្វាន់ PMAA ចំនួនបីក្នុងព្រឹត្តិការណ៍ ‘Dragons of Asia’ !
ភ្នំពេញ ប្រទេសកម្ពុជា ខែមករា ឆ្នាំ ២០១៩ ៖ បន្តលេចធ្លោក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម និង ទំនងទំនងនៅកម្ពុជា ក្រុមហ៊ុន Havas Champagne ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ថ្មីៗនេះដណ្តើមបានពានរង្វាន់ PMMA Dragons ចំនួនបីផ្សេងគ្នា ដែលពានរង្វាន់ទាំងបីនោះរួមមាន៖ Silver (ប្រាក់) Gold (មាស) និង rare Blue (ខៀវ) ។
PMAA ‘Dragons of Asia’ ដែលហៅថាពានរង្វាន់ PMAA Awards គឺជាស្ថាប័នមួយដែលត្រូវបានទទួលការគោរពកោតសរសើរយ៉ាងខ្លាំង ហើយស្ថាប័ននេះទទួលស្គាល់នូវការងារដ៏ល្អបំផុតដែលបានធ្វើឡើងដោយអ្នកជំនាញផ្នែកទីផ្សារគ្រប់ផ្នែកទំនាក់ទំនង និង ទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ឆ្នាំនេះការប្រកួតប្រជែងមានលក្ខណៈស្វិតស្វាញខ្លាំងដោយសារមានបណ្តាភ្នាក់ងារជាច្រើនបានចូលរួមប្រកួតក្នុងនោះមានដូចជា ៖ BBDO, Leo Burnett, Mullen Worldwide, DDB Group និង Geometry ដែលពួកគេសុទ្ធតែរំពឹងថាពួកគេនឹងទទួលបានជ័យជម្នះរៀងៗខ្លួន ។
ក្រុមហ៊ុន Havas Champagne ឈ្នះបានពានរង្វាន់ដ៏អស្ចារ្យនេះដោយសារតែក្រុមហ៊ុននេះបានចូលរួមរៀបចំនូវយុទ្ធនាការសំខាន់ៗចំនួនពីរបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានជោគជ័យគួរជាទីមោទកនោះគឺយុទ្ធនាការ «ការរួមភេទប្រកបដោយសុវត្ថិភាព» “Safe Sex” របស់ UNFPA / UNAIDS និង យុទ្ធនាការ «ទប់ស្កាត់កុំឱ្យមានការរំខានពេលបើកបរ» “Prevent Distracted Driving” របស់មូលនិធិបង្ការរបួសអាស៊ី AIP ។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានមានប្រសាសន៍ថា ៖ «យើងពិតជាមានកិត្តិយស និង សប្បាយរីករាយឥតឧបមាដោយសារ Dragons of Asia សម្រេចផ្តល់ពានរង្វាន់ជូនដល់ពួកយើងផ្អែកលើវីដេអូលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលវីដេអូនោះមានឈ្មោះថា ឃាតករនៅលើដងផ្លូវ The Road Killer ។ ការឈ្នះពានរង្វាន់ Silver Dragon Award (ប្រាក់) សម្រាប់ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងសាធារណៈដ៏ល្អបំផុត និងពានរង្វាន់ Black Dragon Award សម្រាប់យុទ្ធនាការទីផ្សាររួមគ្នាដ៏ល្អឥតខ្ចោះ គឺជាសមិទ្ធផលដ៏អស្ចារ្យ និង មិនអាចកាត់ថ្លៃបានសម្រាប់ក្រុមហ៊ុន Havas Champagne និង AIP Foundation ។ យើងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និង បានផ្តល់ដំបូន្មានល្អៗជាច្រើនក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការទាំងនេះ ។ យើងក៏សូមអរគុណដល់ក្រុមហ៊ុន Havas Champagne ផងដែរចំពោះការងារច្នៃប្រឌិតដ៏អស្ចារ្យ និង ល្អឥតខ្ចោះរបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យដ៏ត្រចះត្រចង់របស់យើងនាពេលនេះ» ។
សម្រាប់យុទ្ធនាការ «ការរួមភេទប្រកបដោយសុវត្ថិភាព» “Safe Sex” វិញ លោកវេជ្ជបណ្ឌិត Vladanka Andreeva នាយកប្រចាំប្រទេសនៃ UNAIDS បានលើកឡើងថា ៖ «និយាយអំពីទំនាក់ទំនង និង ភេទ វាមិនមែនតែងតែងាយស្រួលនោះទេ ។ យុវវ័យមានសំណួរជាច្រើនហើយប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវេទិកាដ៏ល្អសម្រាប់ដោះស្រាយបញ្ហាដ៏រសើបនេះដែលវាបានផ្តល់សិទ្ធិអំណាចដល់យុវជនឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវអំពីសុខភាពផ្លូវភេទរបស់ពួកគេ» ។
ជាមួយនឹងការដណ្តើមបាននូវជ័យជម្នះដ៏ត្រចះត្រចង់នេះ លោកស្រី Rizvina de Alwis តំណាង UNFPA ប្រចាំកម្ពុជាបានមានប្រសាសន៍ថា «UNFPA សូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Havas Champagne សម្រាប់ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ពីDragons of Asia ក្នុងការទទួលស្គាល់យុទ្ធនាការរួមភេទដែលមានសុវត្ថិភាព និង ដោយស្ម័គ្រចិត្តដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ UNFPA UNAIDS និង Havas Champagne ។ នេះគឺជាការគាំទ្រ និង ការចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ព្រោះវាបានជួយពង្រឹង និង ពង្រីកពីសារសំខាន់នៃការងាររបស់យើងជាមួយយុវជននៅកម្ពុជា» ។
លោក អ៊ុង ដានិត នាយកគ្រប់គ្រងក្រុមហ៊ុន Havas Champagne បានមានប្រសាសន៍ថា «វាពិតជាមហាកិត្តិយសដ៏ធំធេងណាស់ដែលយើងដណ្តើមបានពានរង្វាន់ដ៏អស្ចារ្យប្រកបដោយកិត្យានុភាព និង កម្រទាំងនេះមកជូនប្រទេសកម្ពុជាយើង ។ ពានរង្វាន់ទាំងនេះ ជាសញ្ញាថ្មីមួយទៀតបញ្ជាក់ថា ការងារប្រកបដោយគំនិតច្នៃប្រឌិតរបស់យើងបានលេចមុខមាត់ នៅទីនោះជាមួយការបង្កើតថ្មីដ៏ល្អឥតខ្ចោះនៅក្នុងពិភពលោក ហើយវាក៏បានបង្ហាញពីសារសំខាន់នៃភាពច្នៃប្រឌិត និង ប្រសិទ្ធភាពសម្រាប់យុទ្ធនាការនានាដែលវាមានសារសំខាន់ក្នុងការអភិវឌ្ឍប្រទេសរបស់យើងផងដែរ ។
ការផ្ញើសារនៅពេលបើកបរ មិនគួរត្រូវបានអត់ឱន ឬលើកលែងទោសនោះទេ ចំណែកឯការរួមភេទដោយសុវត្ថិភាពនៅចំទិវានៃក្តីស្រឡាញ់ Valentine’s Day ក៏គួរតែត្រូវបានលើកមកនិយាយ និង ចែករំលែកឲ្យបានទូលំទូលាយក្នុងស្រទាប់មហាជន ជាពិសេសក្នុងចំណោមយុវវ័យផងដែរ ។ ជ័យជម្នះដែលមិនអាចកាត់ថ្លៃបាននេះមិនត្រឹមតែផ្តល់សម្រាប់ Havas Champagne ប៉ុណ្ណោះទេ វាក៏ជាជោគជ័យ និង ជ័យជម្នះរួមរបស់ AIP Foundation រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ហើយសំខាន់បំផុតនោះវាជាជោគជ័យរួមរបស់ប្រជាជនកម្ពុជាទាំងអស់» ។
ក្រុមហ៊ុន Havas Champagne គឺជាផ្នែកមួយនៃក្រុមហ៊ុន Havas Group ដែលមានជំនាញគ្រប់ផ្នែកកិច្ចការងារទំនាក់ទំនងទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម (360 communications) រួមមាន៖ ឌីជីថល សកម្មភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ (Activation) ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍ វិទ្យុ ឬផ្ទាំងប៉ាណូ (ATL) ទំនាក់ទំនងសាធារណៈ អត្ថបទពាជ្ជកម្ម និង ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វ ផ្សាយនានាជាដើម ។ ក្រុមហ៊ុនHavas Champagne មានទីតាំងស្ថិតនៅជាន់ទី ៣ នៃអគារ Raintree អគារលេខ ២៩៩ ផ្លូវព្រះអង្គឌួង រាជធានីភ្នំពេញ ៕