ស៊ី.ភី ខេមបូឌា រៀបចំយុទ្ធនាការបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តដល់សង្គមកម្ពុជា
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម តាមរយៈ គ្រោងការ «បរិច្ចាគឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា» ក្នុងគោលបំណងលើកទឹកចិត្តដល់សង្គមកម្ពុជាឱ្យយល់ដឹងពីសារសំខាន់នៃការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតអ្នកដទៃ។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅរោងចក្រផលិតចំណីសត្វ ក្រុមហ៊ុន ស៊ី.ភី ដែលមានទីតាំងនៅបណ្តាយផ្លូវជាតិលេខ ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនោះមានការចូលរួមពីថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ជាង ៣០០ នាក់ រួមទាំងអ្នកនៅក្នុងសាជីវកម្មនេះផ្សេងទៀតដូចជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម, ក្រុមហ៊ុន CPALL Cambodia, Kasetphun Cambodia និង CPPC ។
លោក Wittaya Kreangkriwit មានប្រសាសន៍ថា ៖ «ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ក្រុមហ៊ុនស៊ី.ភី ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ បរិច្ចាគឈាមជួយដល់អ្នកជំងឺដែលត្រូវការឈាមដើម្បសង្រ្គោះអាយុជីវិត»។
លោក Wittaya Kreangkriwit ថ្លែងថា ៖ «នេះក៏ជាឱកាសដ៏អស្ចារ្យមួយសម្រាប់ ស៊ី.ភី ខេមបូឌា ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធលោកជំទាវ KhunyingTawee Chearavanont ភរិយាស្ថាបនិក ក្រុមហ៊ុន CPF ដែលបានទទួលមរណភាពក្នុងឆ្នាំ ២០២៣ ដែលលោកជំទាវជាបុគ្គលសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និង ជួយប្រជាជន ខណៈស៊ី.ភី បានផ្តល់ឱកាសការងារ និង ជីវភាពរស់នៅប្រសើរដល់មនុស្សជាច្រើន»។
លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំពោះការចូលរួមបរិច្ចាគដ៏សប្បុរសធម៌នេះ។ លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន មានប្រសាសន៍ថា ៖ «នាឱកាសដ៏មានតម្លៃនេះ នាងខ្ញុំតាំងនាមឱ្យមន្រីរាជការបុគ្គលិក មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បងប្អូនសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និង មន្រ្តីរាជការបុគ្គលិកមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមដែលបានខិតខំយ៉ាងសកម្ម រៀបចំយុទ្ធនា ការបរិច្ចាគឈាមក្នុងថ្ងៃនេះ»។
លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន មានប្រសាសន៍ថា ៖ «ជោគជ័យនៃយុទ្ធនាការ «បរិច្ចាគឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា» រួមចំណែកដល់អាកប្បកិរិយាវិជ្ជមាននៃការបរិច្ចាគឈាម និង ការយល់ដឹងត្រឹមត្រូវអំពីការថែទាំសុខភាពនៅក្នុងសង្គមកម្ពុជា»។
យុទ្ធនាការនេះជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំពោះគម្រោងទំនួលខុសត្រូវ ចំពោះកិច្ចការជួយដល់សង្គម និង បរិស្ថាន (CSR) ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនស៊ី.ភី បានចូលរួមបរិច្ចាគឈាមចំនួន ៣ លើករួចមកហើយ ដោយចំនួនអ្នកចូលរួមទាំងអស់មានប្រមាណ ៨០០ នាក់។
លោក Kittiphop Thirachotikun ជំនួយការនាយករងផ្នែកទំនួលខុសត្រូវសង្គម និង មជ្ឈមណ្ឌលហ្វឹកអប់រំ បានមានប្រសាសន៍ថា ៖ «ការប្តេជ្ញាចិត្តរបស់ ស៊ី.ភី ខេមបូឌា នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action»។
លោកសង្កត់ធ្ងន់ថា ក្រោមយុទ្ធសាស្ត្រនិរន្តរភាពនេះ ក្រុមហ៊ុនប្តេជ្ញានិងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៍សម្រាប់សង្គមនៅក្រោមគោលការណ៍និរន្តរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការរបស់ក្រុមហ៊ុន គឺប្រទេសជាតិ ប្រជាជន និង ក្រុមហ៊ុន។
យុទ្ធសាស្ត្រ CSR របស់ ស៊ី.ភី ខេមបូឌា ផ្តោតលើគោលនយោបាយសំខាន់ៗចំនួន ៣ គឺផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរហូរហៀរ និង សាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ។ ក្នុងឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានធ្វើការសហការជាមួយភាគីរដ្ឋ និង អង្គភាពពាក់ព័ន្ធក្នុងការបង្កើតគុណតម្លៃដល់សង្គម ដើម្បីការអភិវឌ្ឍអាជីវកម្មប្រកបរបរដោយនិរន្តរភាព។
សម្រាប់និរន្តភាពចំណីអាហារ ក្រុមហ៊ុនបានឧបត្តម្ភ ផលិតផលចំណីអាហារជូនដល់ «មជ្ឈមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា» នៅខេត្តកំពង់ស្ពឺ និង បានអប់រំពួកគេឱ្យយល់ដឹងពីសារសំខាន់ និង អត្ថប្រយោជន៍នៃការទទួលទានអាហារដែលមានគុណភាពខ្ពស់។
ដើម្បីរស់នៅក្នុងសង្គមសម្បូរហូហៀរ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចូលរួមកម្មវិធីមនុស្សធម៍ព្រមទាំងផ្តល់ បរិក្ខារពេទ្យដល់មន្ទីរពេទ្យជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការកសាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ ក្រុមហ៊ុនស៊ីភីប្តេជ្ញាដាំដើមឈើមួយលានដើម ត្រឹមឆ្នាំ ២០៣០ ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាពដី បង្កើនគុណភាពទឹក គ្រប់គ្រងកាកសំណល់ និង ទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។
ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និង ចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food)។
នៅពេលអនាគតក្រុមហ៊ុន ក្រុមហ៊ុននៅតែប្តេជ្ញាផ្តល់អាទិភាពដល់សុខុមាលភាពសង្គម និង បរិស្ថាន ដែលជាអាទិភាពសំខាន់នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕