លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង អូសេអានី បានដឹកនាំប្រតិភូជាន់ខ្ពស់ជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលទើបតែងតាំងថ្មី
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង អូសេអានី បានដឹកនាំប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនៃជំនួបពិភាក្សាគ្នានេះលោក Sangho Jo បានសម្តែងនូវការអបអរសាទរ និង កោតសរសើរលោកជំទាវដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងអាណត្តិទី ៧ នេះ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក Sangho Jo បានស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ចនៅកម្ពុជា និង បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំច្បាប់ និង បទប្បញ្ញតិ្តផ្សេងៗដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជូនធុរជនទូទៅ។
ទន្ទឹមនេះ លោក Sangho Jo ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួងពាណិជ្ជកម្មដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ Samsung នាពេលកន្លងមក ដូចជា កម្មវិធីនវានុវត្តន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កម្មវិធី Samsung Love & Care ដែលបានផ្តល់ជាសម្ភារសិក្សាដល់សិស្សក្រីក្រនៅខេត្តកំពង់ចាមនាពេលកន្លងមក។
ជាបន្តក្រុមហ៊ុន Samsung នៅតែយកចិត្តទុកដាក់សហការជាមួយក្រសួងក្នុងសកម្មភាពមនុស្សធម៌មួយចំនួនទៀត ដោយក្នុងឱកាសនេះ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិកក៏បានផ្តល់ជូនក្រសួងនូវអង្ករចំនួន ១០ តោន ជាអំណោយសប្បុរសធម៌សម្រាប់ក្រសួងចាត់ចែងតាមតម្រូវការ។
ក្រុមហ៊ុន សាមសុង នៅតែបន្តធ្វើគ្រប់យុទ្ធនាការទាំងអស់ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 ក្នុងពេលខាងមុខផងដែរ៕