
ធនាគារ វីង ពង្រីកសេវាធនាគារទៅដល់ទឹកដីខេត្តកំពង់ចាម
ធនាគារ វីង បើកដំណើរការសាខាខេត្តកំពង់ចាម ដោយផ្តល់ជូននូវសេវាកម្មធនាគារពេញលេញ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំរបស់ខ្លួននៅកម្ពុជា។
ធនាគារ វីង (ខេមបូឌា) ម.ក បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅខេត្តកំពង់ចាម ដើម្បីពង្រីកបន្ថែមនូវសេវាកម្មធនាគារទំនើបៗទៅដល់សហគមន៍ឲ្យបានកាន់តែទូលំទូលាយ ស្របពេលនឹងការអបអរសាទរខួប ១៥ ឆ្នាំរបស់ខ្លួន ក្នុងការផ្តល់សេវាកម្ម និង ជួយដល់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ២០០៨ មក។
ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃឥស្សរជនកិត្តិយសជាច្រើនរូប ដែលរួមមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា ៖ «ការបើកដំំណើរការធនាគារ វីង សាខាខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលផ្តល់ភាពងាយស្រួលប្រើប្រាស់នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ ដែលជាការបំពេញបន្ថែមនៃចក្ខុវិស័យក្នុងការជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់ប្រសើឡើង»។
កំពង់ចាម ដែលជាខេត្តដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា គឺជាតំបន់ដែលមានការអភិវឌ្ឍ ហើយបច្ចុប្បន្នមានប្រជាជនប្រមាណជាង ១ លាននាក់។ យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលបានបង្ហាញថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមមានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ដោយទំហំសេដ្ឋកិច្ចខេត្តនេះបានកើនដល់ ១,៨ ពាន់លានដុល្លារ ដែលរួមចំណែក ៦,៧% នៃទំហំសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០២២។ បច្ចុប្បន្នខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសជាង ៥១០ ទីតាំង ដោយបានបង្កើតឱកាសការងារទៅដល់ពលរដ្ឋប្រមាណ ៣៦.០០០ កន្លែង។
លោក ហាន ប៉េងក្វាង បានបន្ថែមថា ៖ «ខណៈពេលយើងខ្ញុំកំពុងអបអរសាទរខួប ១៥ ឆ្នាំ នៃការផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទូទាំង ២៥ រាជធានី/ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដែលបានជឿជាក់លើសេវាកម្មហិរញ្ញវត្ថុ និង ធនាគាររបស់យើងខ្ញុំរហូតមក។ យើងនឹងបន្តរីកចម្រើនរួមគ្នា និង រួមចំណែកដើម្បីបុព្វហេតុកម្ពុជាមានការវិវឌ្ឍបានលឿន»។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ននេះ វីង នៅតែរក្សាការប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដែលចាំបាច់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរឡើង។
សាខាថ្មីរបស់ធនាគារ វីង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧ នៅចន្លោះសកលវិទ្យាល័យជាស៊ីមកំចាយមា និង រង្វង់មូលក្រុងកំពង់ចាម នឹងផ្តល់សេវាកមម្មធនាគារយ៉ាងទូលំទូលាយទៅដល់អតិថិជន ដោយបើកដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៤ ល្ងាច។ លើសពីនេះ សេវាម៉ាស៊ីន ATM និង ម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ វីង អាចឲ្យអតិថិជនប្រើប្រាស់បាន ២៤ ម៉ោងជារៀងរាល់ថ្ងៃ។
សាខាថ្មីនេះមានចំណតរថយន្តធំទូលាយ បន្ទប់ប្រជុំទំនើបទាន់សម័យ និង ម៉ាស៊ីន ATM ដើម្បីបំពេញតម្រូវការអតិថិជន។ លើសពីនេះទៀត ក្នុងអំឡុងពេលរង់ចាំទទួលសេវាកម្មធនាគារ អតិថិជនក៏អាចទទួលទានកាហ្វេ និង ទឹកផ្លែឈើពីហាង Coffee Hub ឋិតក្នុងបរិវេណសាខារបស់ធនាគារ វីង ដ៏មានឱជារស និង គុណភាពខ្ពស់ផងដែរ។
ធនាគារ វីង សាខាខេត្តកំពង់ចាមផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ សេវាកម្មទាំងនេះរួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើ ការសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និង អន្តរជាតិ ការទូទាត់ថ្លៃទឹក-ភ្លើង ព្រមទាំងសេវាកម្មជាច្រើនទៀត។ មិនថាជាតម្រូវការផ្ទាល់ខ្លួន ឬ អាជីវកម្មនោះឡើយ ធនាគារ វីង ផ្តល់សេវាកម្មដែលមានសុវត្ថិភាពខ្ពស់ ហើយអាចទុកចិត្តបាន ដើម្បីជួយអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេឲ្យកាន់តែប្រសើរឡើង៕