
ដឹងទេ? មួយចំនុចនេះស្ទើរតែធ្វើឱ្យ តូតា លែងហ៊ានសម្តែងរឿង «កូនពស់កេងកង» ពាក់កណ្តាលទី
ខ្សែភាពយន្តភាគដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ហង្សមាសរឿង «កូនពស់កេងកង» ដែលកំពុងចាក់ផ្សាយ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 8 យប់លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់លើ ប៉ុស្តិ៍រស្មីហង្សមាស HDTV ។
តួឯកស្រីដែលមានរូបរាងស្រឡូនល្វតល្វន់កញ្ញា តូតា ឬក៏ រាជនី ដែលជាឈ្មោះក្នុងរឿង បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានសម្តែងជាតួឯកស្រីក្នុងរឿង «កូនពស់កេងកង» ព្រោះនេះជាខ្សែភាពយន្តភាគខ្មែរដំបូងហើយដែលនាងបានសម្តែងឱ្យស្ថានីយទូរទស្សន៍ហង្សមាស រួមជាមួយនឹងអ្នកដឹកនាំដ៏ល្បីល្បាញ ព្រមទាំងមានការសម្រិតសម្រាំងយ៉ាងពិសេស និងចំណាយទុនក្នុងការផលិតយ៉ាងសន្ធឹកទៀតផង។
ថ្វីដ្បិតនេះជាមោទកភាពរបស់នាង តែកញ្ញា តូតា ស្ទើរតែនឹងបោះបង់ការសម្តែងនៃរឿងភាគមួយនេះទៅហើយ ដោយសារតែមួយចំណុចដ៏ព្រឺរោមក្នុងការថតជាមួយសត្វពស់ដ៏ធំផ្ទាល់ពិតៗតែម្តង តម្រូវការ នៃសាច់រឿងត្រូវឱ្យកញ្ញា តូតា ជាតួអង្គ រាជនី ថើបមាត់ពស់ពិតៗ ស្រស់ៗ ថើបមាត់ហើយត្រូវថើប ក្បាលពស់ទៀតដែលធ្វើឱ្យរូបនាងស្ទើរលែងហ៊ានដកដង្ហើមទៅហើយតែក៏នៅតែតាំងចិត្តជម្នះសម្តែង ឱ្យបានល្អជាទីបំផុត។
ជាក់ស្តែងរឿងភាគមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលទើបនឹងចាក់បានបីភាគ ប៉ុណ្ណោះ។ រង់ចាំទស្សនាភាគបន្តបន្ទាប់ទៀតថាតើនឹងមានឈុតឆាកពិសេសៗយ៉ាងណាខ្លះ? កុំភ្លេចរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់លើ ប៉ុស្តិ៍រស្មីហង្សមាស HDTV ៕