
រកឃើញហើយ! តារា ទទួលបានពានរង្វាន់ច្រើនជាងគេក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMA 2023!
កាលពីយប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុន Smart Axiata។
នៅឆ្នាំទី ២ នៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ កម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម ដែលបានការចូលរួមពីសំណាក់តារា និង បុគ្គលល្បីៗចូលរួមជាច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោរអស់ស្ទះ! នេះគឺជាឆ្នាំទី ២ ហើយនៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ ហើយពានរង្វាន់ពិសេសៗនៅឆ្នាំ ២០២៣ នេះមានចំនួនសរុបដល់ទៅ ១៤ រង្វាន់ ឯណោះ! ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដំបូងនៅ ប្រទេសកម្ពុជាដែលធ្វើឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។
ក្នុងឆ្នាំនេះមានតារាប្រុសម្នាក់ដែលទទួលបានពានច្រើនជាងគេបំផុត សឹងតែពាក់កណ្តាលម្នាក់ឯងទៅហើយ! ម្នាក់នោះមាននរណាទៀតក្រៅពីលោក G-Devith ដែលទទួលពានដល់ទៅ ៦ ដែលមានដូចជា ពានសិល្បករប្រចាំឆ្នាំ ពានវីដេអូចម្រៀងប្រចាំឆ្នាំ ពានបទចម្រៀងប្រចាំឆ្នាំ ពានបទចម្រៀងស្តាប់ច្រើនជាងគេ ពានបទចម្រៀងស្តាប់ច្រើនជាងគេ សិល្បករ-សិល្បការិនីថ្មីដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ ដែលនាំមកជូនដោយ Vattanac Premium Beer & Dragon Premium Dark Beer និង ពានអាល់ប៊ុមចម្រៀងប្រចាំឆ្នាំ។
ក្រៅពីនោះក៏មានម្ចាស់ពានធំផ្សេងៗដូចជា៖
- សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ បានទៅលើ TEY$
- បទចម្រៀងរួមគ្នាប្រចាំឆ្នាំ បានទៅលើ KingChi និង Mc Sey បទ «កាលុងឃុង»
- បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ បានទៅលើ ពូឃ្លាំង និង សំណាង សូរិយា បទ «គ្រលាស់»
- បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ បានទៅលើ ខាត់ សុឃឹម «អូនលែងប្ដីហើយ»
- សិល្បការិនីប្រចាំឆ្នាំ បានទៅលើ ទេព បូព្រឹក្ស
- សិល្បករស្តាប់ច្រើនជាងគេ បានទៅលើ ខេម
- សិល្បការិនីស្តាប់ច្រើនជាងគេ បានទៅលើ តន់ ច័ន្ទសីម៉ា
- ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត បានទៅលើ មាស សុខសោភា
គួរបញ្ជាក់ផងដែរថាសម្រាប់លទ្ធផលនៃពានរង្វាន់នីមួយៗ គឺត្រូវបានកំណត់ដោយការបោះឆ្នោតពីសាធារណជនក្នុង Pleng App និងសារ SMS, ការបោះឆ្នោតរបស់អ្នកជំនាញតន្ត្រី និងចំនួនដងនៃការស្ដាប់ក្នុង Pleng App ចាប់ពីថ្ងៃ ០១ ខែធ្នូ ២០២១ ដល់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២៕