អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មី សាខាផ្លូវ ៦០ ម៉ែត្រ
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អឹមជី ខេមបូឌា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ ៦០ ម៉ែត្រ។ MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេស ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩២៤ និង បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដើម្បីដណ្តើមតំណែងរបស់ខ្លួននៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។
យោងតាមភាពរីកចម្រើនរបស់ខ្លួន អឹមជី ខេមបូឌា (MG Cambodia) បានបើកសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើបដែលមានកម្ពស់ ២ ជាន់ ជាមួយនឹងបន្ទប់រង់ចាំដ៏មានផាសុកភាព និង ទីធ្លាធំទូលាយ ដើម្បីរៀបចំត្រៀមទទួលស្វាគមន៍នៃរថយន្តម៉ូដែលថ្មីម៉ាក MG Marvel-R នាពេលឆាប់ៗខាងមុខនេះ។
នាឱកាសដ៏វិសេសវិសាលនោះផងដែរ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និង ស្ថាបនិកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជា បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះខ្ញុំពិតជារំភើប និង រីករាយជាខ្លាំងចំពោះការបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ ៦០ ម៉ែត្រ។ ថ្វីដ្បិតតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ក្រុមការងាររបស់យើងនៅគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ។
នាពេលអនាគត យើងសង្ឃឹមថានឹងមានសាខាថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំក្រោយនេះ យើងនឹងមានអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូចជាការនាំចូលផលិតផលថ្មី និង មជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលប្រកបដោយភាពច្នៃប្រឌិត និង ស្មោះស្ម័គ្រជាមួយឆន្ទៈក្នុងការកែលម្អការពេញចិត្តទៅកាន់សហគមន៍របស់យើង»។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណជាពិសេសដល់ដៃគូរហិរញ្ញវត្ថុជាច្រើន ដែលផ្តល់លក្ខខណ្ឌកម្ចីដ៏ល្អ និង ងាយស្រួលដល់អតិថិជន MG។
ក្នុងព្រឹត្តិការណ៍នេះដែរ MG ក៏បានបង្ហាញពីផ្នែកមួយនៃទំនៀមទម្លាប់ខ្មែរ រួមមានដូចជា ការរាំជូនពរ ពិធីសូត្រមន្ត ការកាត់ខ្សែបូ និង កម្មវិធីកម្សាន្តផ្សេងៗ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ជូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីផ្តល់បន្ថែមនូវភាពរីករាយក្នុងពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ ៦០ ម៉ែត្រ ដែលមានទីតាំងនៅផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន MG មាន ៣ សាខា ៖
– សាខាទី ១ ស្ថិតលើផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅជិតស្ពាធអាកាស ៧ មករា)។
– សាខាទី ២ ស្ថិតលើផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ ៦០ ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
– សាខាទី ៣ មជ្ឈមណ្ឌលថែទាំ និង ជួសជុល ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខាងលិចផ្សារម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ)៕