ក្រុមហ៊ុន Binance និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពង្រឹងភាពជាដៃគូដើម្បីណែនាំ Web3 ដល់ប្រទេសកម្ពុជា
ការបណ្តាក់ទុនរួមគ្នាដើម្បីស្វែងរកលទ្ធភាពនៃការនាំយកដំណោះស្រាយ Web3 ដើម្បីជំរុញកំណើន
ប្រកបដោយបរិយាប័ន្ននៅកម្ពុជា
ភ្នំពេញ ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022 – ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន ឆ្នាំ 2022 ក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី blockchain ឈានមុខគេលើពិភពលោក និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3 បន្ទាប់ពីបានចុះអនុស្សរណៈ កាលពីដើមឆ្នាំនេះ ហើយកំពុងរង់ចាំការអនុញ្ញាត។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅរាជធានីភ្នំពេញនាថ្ងៃនេះ ត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករមូលបត្រកម្ពុជា។
លោក Leon Foong ប្រធានក្រុមហ៊ុន Binance ប្រចាំតំបន់អាស៊ីបាស៊ីហ្វិកបានឱ្យដឹងថា៖ «យើងពិតជារំភើបក្នុងការពង្រឹងទំនាក់ទំនង និង ការសហការដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ការបណ្តាក់ទុនរួមគ្នានេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជារីករាយជាមួយនឹងបទពិសោធន៍ប្រើប្រាស់ ដែលរលូនដើម្បីធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងយល់អំពី blockchain និង ចូលទៅកាន់បណ្តាញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បីស្វែងរកវិធីដើម្បីចាប់ផ្តើមដំណើរ web3.0 របស់ពួកគេ។ យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដូច្នេះកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ី Blockchain ហើយយើងរួមគ្នាខិតខំជំរុញកំណើនសេដ្ឋកិច្ច និង ជំរុញការធ្វើឌីជីថលកម្មនៅក្នុងប្រទេស។
នៅក្នុងកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដែលបានចុះហត្ថលេខានៅថ្ងៃនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកលទ្ធភាពនៃការបង្កើតដំណោះស្រាយ និង ថ្នាលដោយផ្អែកលើកម្មវិធី Web3 ព្រមទាំងប្រើប្រាស់ចំណេះដឹងបច្ចេកវិទ្យា និង សមត្ថភាពវេទិកា blockchain របស់ Binance ដើម្បីជួយថែរក្សាកំណើនសេដ្ឋកិច្ចដែលផ្តោតលើផ្នែកជាក់លាក់នៃសង្គម។
អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ «យើងរស់នៅក្នុងពេលវេលាដ៏រំភើបមួយដោយសារតែយើងមានដំណោះស្រាយ Web3 ព្រមទាំងការរីកចម្រើននាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាកំពុងគិតអំពីអ្វីដែលមិននឹកស្មានដល់ ហើយត្រួសត្រាយផ្លូវសម្រាប់ពិភពលោកនេះទៅជាសង្គមរួមបញ្ចូលគ្នា និងបើកចំហ ដែលពាណិជ្ជកម្មពហុភាគីអាចនាំមកនូវវិបុលភាពសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នា។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្ថែមថា៖ «យើងចង់ឱ្យប្រទេសកម្ពុជា និង ប្រជាជនកម្ពុជានាំមុខគេក្នុងការផ្លាស់ប្តូរនេះ ហើយដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា យើងចង់ឱ្យបច្ចេកវិទ្យាជួយយើងឱ្យចូលទៅដល់សេដ្ឋកិច្ចមួយដែលមានការអភិវឌ្ឍ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងពិភពលោកផ្នែកប្រព័ន្ធអេកូឡូស៊ី blockchain ហើយប្រាកដថាការបណ្តាក់ទុនរួមគ្នានេះនឹងដំណើរការដ៏វែងឆ្ងាយក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា»។
សព្វថ្ងៃនេះ ដោយសារតែបច្ចេកវិទ្យា ពិភពលោកបានរួមតូចនៅក្នុងទូរសព្ទដៃដែលអ្នកប្រើប្រាស់កាន់ ខណៈពេលដែលពង្រីកព្រំដែនពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និង សេដ្ឋកិច្ចបើកចំហ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Binance មានទស្សនៈវិស័យទូទៅដូចគ្នា គឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នសម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចសង្គម យេនឌ័រ ទីតាំងភូមិសាស្ត្រ ឬ អាយុរបស់ពួកគេ ហើយកំពុងរំពឹងថាការបណ្តាក់ទុនរួមគ្នានេះនឹងដឹកនាំការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា៕
អំពី Binance៖
Binance គឺជាក្រុមហ៊ុនដែលផ្តល់នូវប្រព័ន្ធអេកូឡូស៊ី blockchain ឈានមុខគេរបស់ពិភពលោកជាមួយនឹងផលិតផលជាច្រើនដែលរួមបញ្ចូលការផ្លាស់ប្តូរទ្រព្យសម្បត្តិឌីជីថលក្នុងបរិមាណដ៏ធំបំផុត។
ទទួលបានការជឿទុកចិត្តដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក Binance ត្រូវបានផ្តោតសំខាន់ដល់ការបង្កើនសេរីភាពសម្រាប់អ្នកប្រើប្រាស់ និង បង្ហាញពីផលប័ត្រនៃផលិតផល និង ការផ្តល់ជូនដែលមិនអាចប្រៀបផ្ទឹមបាន រួមមាន៖ ការជួញដូរនិងហិរញ្ញវត្ថុ ការអប់រំ ទិន្នន័យ និង ការស្រាវជ្រាវ កម្មវិធីជួយសង្គម ការវិនិយោគនិង ការបំផុសគំនិត ការបង្កើតដំណោះស្រាយវិមជ្ឈការ និង ហេដ្ឋារចនាសម្ព័ន្ធ និង ច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.binance.com
អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៖
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ហើយជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផ្តោតសំខាន់លើការនាំយកការវិនិយោគប្រកបដោយគុណភាពចូលមកក្នុងប្រទេស និង លើការផ្តល់ជូនវិនិយោគិននូវថ្នាលសម្រាប់ដំណើរការប្រតិបត្តិការប្រកបដោយភាពជោគជ័យ និង ប្រតិបត្តិការដែលមានប្រាក់ចំណេញ។ កម្ពុជាមានសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ហើយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសម្ទុះសេដ្ឋកិច្ចលឿនបំផុតនៅទូទាំងពិភពលោក មានស្ថិរភាពនយោបាយ រួមជាមួយនឹងបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និង ពាណិជ្ជកម្មសេរីបំផុតនៅក្នុងអាស៊ាន។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស្ថិតនៅចំណុចស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានទាក់ទាញវិនិយោគិនអន្តរជាតិតាមរយៈការបណ្តាក់ទុនរួមគ្នា និង ក្លាយជាអ្នកនាំមុខក្នុងទីផ្សារលើច្រើនវិស័យនៃឧស្សាហកម្ម។ ជាងនេះទៅទៀត ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនធំដែលមានពិពិធកម្មធុរកិច្ចដ៏រឹងមាំ។ រ៉ូយ៉ាល់គ្រុប រក្សាបានផលប្រយោជន៍ក្នុងឧស្សាហកម្មជាច្រើន រួមមាន ថាមពល ទូរគមនាគមន៍ អាកាសចរណ៍ ផ្លូវដែក ប្រព័ន្ធផ្សព្វផ្សាយ សេវាធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង រមណីយដ្ឋាន ការអប់រំ អចលនទ្រព្យ ពាណិជ្ជកម្ម ការទូទាត់តាមឌីជីថល ថាមពល គីមីឥន្ធនៈ និងកសិកម្ម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.royalgroup.com.kh
សម្រាប់ព័ត៌មានបន្ថែម៖
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
លោក Paul Clements
អ៊ីម៉ែល៖ paul.clements@royalgroup.com.kh