
លោក ជួប សុភ័ក្រ្ក ត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈលើកដំបូង របស់អង្គការផ្កាយសមុទ្រ
ភ្នំពេញ៖ លោក ជួប សុភ័ក្រ្កដែលត្រូវបានមហាជនទទួលស្គាល់ថាជាពិធីករដ៏ឆ្នើមម្នាក់ ប្រចាំស្ថានីយទូរទស្សន៍បាយ័នត្រូវបានជ្រើសរើសតែងតាំងជាទូតសុច្ឆន្ទៈលើកដំបូងរបស់អង្គការ ផ្កាយសមុទ្រ។
ក្នុងតួនាទីជាទូតសុច្ឆន្ទៈលើកដំបូងរបស់លោកជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយនេះ លោក ជួប សុភ័ក្រ្ក បានអះអាងថា នឹងប្រើតួនាទីនេះជួយជ្រោមជ្រែងដល់ការងារសប្បុរសធម៌តាមរយៈការ លើកកម្ពស់ការអប់រំទៅកាន់កុមារដែលកំពុងជួបការខ្វះខាត ឲ្យទទួលបានការសិក្សា ការលេងកីឡា ដើម្បីឲ្យពួកគេទទួលបានអនាគតភ្លឺស្វាង និង ជួយឲ្យគ្រួសារចាកចេញពីភាពក្រីក្រ។
គួរបញ្ជាក់ផងដែរថា អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និង មានបទពិសោធជាង ១៦ ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និង គម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និង ក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពី ភាពក្រីក្រ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិក កម្មវិធីដែលមានបទពិសោធជាច្រើនឆ្នាំក្នុងការធ្វើការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។
សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់ តាមរយៈកម្មវិធីអប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និង រហូតដល់ពួកគេមានការងារធ្វើ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូតដល់ពួកគេអាចចូលរៀនថ្នាក់ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន។ សិស្សទាំងអស់ទទួលបានការឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារសិក្សា និង កញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និង ការគាំទ្រដទៃទៀតដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ។
ការពិនិត្យតាមដាន និង វាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំងស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គ សង្គម និង សេដ្ឋកិច្ចផ្សេងៗ ដើម្បីធានាបានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយនឹងអ្នកទទួលផលចំនួន ៣០០០ នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និង ជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់។
ដោយឡែកលោកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ បានសម្តែងក្តីសោមនស្សរីករាយដែលលោក ជួប សុភ័ក្រ្ក តែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោកចូលរួមជួយដល់ ការងាររបស់អង្គការផ្កាយសមុទ្រកន្លងមក រហូតលោកត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈលើកដំបូង របស់អង្គការផ្កាយសមុទ្រ៕