ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និង សាខាទួលគោកក្នុងរាជធានីភ្នំពេញ
ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និង សាខាទួលគោក ដើម្បីធ្វើឲ្យសេវាកម្មកាន់តែខិតជិតអតិថិជន
ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ គឺសាខាវត្តភ្នំ និង សាខាទួលគោក។ សាខាទាំងនេះត្រូវបានសម្ពោធក្រោមវត្តមានឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និង ជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។
ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និង ជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និង ផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ស្របតាមនវានុវត្ដថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្នក៏ដូចជានាពេលអនាគត និង បន្ដគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត»។
ធនាគារ វីង បានកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីសម្ពោធជាផ្លូវការនូវអាជ្ញាប័ណ្ណធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ ២០២១។ ធនាគារ វីង បានបើកដំណើរការសាខាវិមានឯករាជ្យ និង សាខាសែនសុខក្នុងខែមីនា ឆ្នាំ ២០២២ និង សាខាខេត្តព្រះសីហនុ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២។ ជាមួយការសម្ពោធសាខាវត្តភ្នំ និង សាខាទួលគោក ធនាគារ បានពង្រីកបណ្តាញធនាគារនៅតាមទីតាំងយុទ្ធសាស្ត្រ សរុបចំនួន ៥ បន្ថែមពីលើ ទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង ៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និង ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា ៖ «ធនាគារ វីង មានគោលបំណងធ្វើឲ្យជីវភាពប្រជាជនកម្ពុជាទាំងអស់កាន់តែប្រសើរ និង កាន់តែងាយស្រួល។ ខ្ញុំជឿថាការសម្ពោធសាខាថ្មីទាំងពីរនេះ គឺជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកគោលដៅមួយនេះ»។
សាខាវត្តភ្នំ ដែលមានទីតាំងជិតផ្សារធំថ្មី និង សាខាទួលគោកដែលមានទីតាំងទល់មុខសាលាបឋមសិក្សាទួលគោក ផ្តល់ការប្រើប្រាស់សេវាធនាគារ វីងយ៉ាងពេញលេញមួយប្រកបដោយភាពរហ័ស សុវត្ថិភាព និង ងាយស្រួល។ សាខានីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំដែលមានផាសុខភាព ហាងកាហ្វេ និង បន្ទប់ប្រជុំពិសេសៗ។ ទីតាំងទាំងនេះក៏មានបញ្ជរដើម្បីផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជន និង ត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និង ឯកជនភាពនៅពេលដែលអតិថិជនមកទទួលសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ។
សាខាថ្មីទាំងពីរនេះ ផ្ដល់សេវាធនាគារពេញលេញចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចទៅកាន់សាខាណាមួយ និង ពិគ្រោះជាមួយអ្នកជំនាញកម្ចីអាជីវកម្ម បើកគណនី ស្នើសុំកាតធនាគារ ផ្ទេរប្រាក់ ប្រើប្រាស់សេវាកម្មឌីជីថល និង សេវាកម្មជាច្រើនទៀត។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា ៖ «សាខាថ្មីនេះផ្តល់លទ្ធភាពទទួលបានសេវាកម្មនានារបស់ធនាគារ វីង ដែលធ្វើឲ្យជីវភាពមានការផ្លាស់ប្តូរ ជាមួយនឹងភាពងាយស្រួលកាន់តែច្រើនជាងមុន។ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនេះ និង នៅតំបន់ដទៃទៀតនឹងទទួលបានអត្ថប្រយោជន៍ពីវត្តមានរបស់ធនាគារ វីង»។
នៅសាខាថ្មីទាំងពីរ មានបុគ្គលិកធនាគារ វីងប្រកបដោយវិជ្ជាជីវៈ និង យកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អតិថិជន និងឆ្លើយតបរាល់ចម្ងល់ផ្សេងៗ។ អតិថិជនដែលរស់នៅ និង ធ្វើការនៅជិតសាខាថ្មីទាំងនេះ អាចធ្វើការដាក់ប្រាក់ និង ដកប្រាក់ ក៏ដូចជាស្នើសុំឥណទាន ដាក់មូលប្បទានបត្រពីធនាគារណាមួយដោយមិនគិតថ្លៃ។ អតិថិជនក៏អាចប្រើប្រាស់បន្ទប់ប្រជុំពិសេសម្រាប់ការប្រជុំ និង ការពិភាក្សាផងដែរ។
ក្នុងរយៈពេល ១៤ ឆ្នាំ នៃការផ្ដល់សេវាកម្មនៅប្រទេសកម្ពុជា ធនាគារ វីង បានប្រែក្លាយខ្លួនពីការចាប់ផ្តើមដ៏សាមញ្ញមួយរហូតបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តល់ជូននូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។ ទោះបីជាបានជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក៏ដូចជាបញ្ហាបង្កឡើងដោយជំងឺរាតត្បាតជាសកលនាពេលថ្មីៗនេះក៏ដោយ ធនាគារ វីង តែងតែបង្ហាញពីឆន្ទៈក្នុងការផ្តល់សេវាកម្មប្រកបភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ហើយនឹងបន្តបេសកកម្មនេះ ខណៈពេលដែលធនាគារនឹងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕